លោក ទិន ពន្លក មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងប្រាប់អ្នកកាសែតថា សំណាកឈាមរបស់ជនរងគ្រោះដោយសារពុលនៅខេត្តក្រចេះ ត្រូវបានមន្រ្តីក្រសួងលោកយកទៅពិសោធន៍នៅក្នុងប្រទេសសិង្ហបុរី។ លោកថា លទ្ធផលនៃការពិសោធន៍បានរកឃើញថា សំណាកឈាមរបស់ពលរដ្ឋដែលស្លាប់ មាន​សារធាតុ​មេ​តា​ណុល ​ដែលសារធាតុនេះ ធ្វើឲ្យពួកគេស្លាប់។

យ៉ាងណាក្តី ទោះបី​ជាលទ្ធផលនៃការពិសោធន៍នៅសិង្ហបុរីបានរកឃើញបែបនេះក៏ដោយ ក៏រដ្ឋាភិបាលមិនទាន់មានវិធានការណាមួយដែរ ដោយរង់ចាំការពន្យល់បន្ថែមរបស់ក្រុមអ្នកជំនាញ។ នេះជាការបញ្ជាក់បន្ថែមរបស់ ទិន ពន្លក អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃ​ក្រសួងបរិស្ថាន ក្រោយបញ្ចប់ពីធីបើកសិក្ខាសាលាស្តីពីការប្រែប្រួល​អាកាសធាតុ សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង និង​យុវជន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ។

ករណីពលរដ្ឋចំនួន ១៧ នាក់បានស្លាប់នៅក្នុងខេត្តក្រចេះកាលពីដើមខែឧសភានេះ ត្រូវរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង  លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីឧស្សហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម ក្រសួងរ៉ែ និងថាមពល បកស្រាយផ្សេងៗគ្នា។ លោក ម៉ម ប៊ុនហេង ថា ករីណពលរដ្ឋពុលស្លាប់នេះ បណ្តាលមកពីពុលស្រា ឯលោក ចម ប្រសិទ្ធ ថា បណ្តាលមកពីក្រុមហ៊ុនរ៉ុករ៉ែ ហើយលោក ស៊ុយ សែម ថា មកពីការបាញ់ស្មៅខុសបច្ចេកទេស៕