នៅព្រឹកថ្ងៃទី១២មករាម្សិលមិញ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកមនុស្ស​២នាក់ ដែលជាអ្នកមើលថែមាន់នៅក្នុងចម្ការមួយកន្លែងដែលមានផ្ទុះជំងឺផ្តា​សាយបក្សី នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

លោក រឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៣មករានេះថា បុរស២នាក់នេះត្រូវបានយកសំណាកដើម្បីបញ្ជូនទៅវិភាគនៅវិទ្យាស្ថានបាស្ទ័រភ្នំពេញ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ចេញលទ្ធផលនៅឡើយទេ។

លោកថា៖«ខ្ញុំបានផ្ញើសំណាកទៅភ្នំពេញហើយ តែមិនទាន់ដឹងលទ្ធផលទេ ព្រោះគេមិនទាន់ឲ្យដឹងដែរ»។

មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបងបានរាយការណ៍ថា កាលពីថ្ងៃទី៦មករា មាន់ចិញ្ចឹមក្នុងចម្ការមួយកន្លែងនៅភូមិព្រែកតាច្រែង ឃុំ បានចាប់ផ្តើមឈឺ ហើយបានងាប់ជាបន្តបន្ទាប់​ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩មករាអស់ប្រមាណជាង​១៣០០ ក្បាល។ ក្រោយពេល មន្ត្រីបានយកសំណាកទៅពិនិត្យ ហើយលទ្ធផលចេញនៅល្ងាចថ្ងៃទី១១មករាបង្ហាញថា គឺមាន់ទាំងនោះបានឆ្លងជំងឺផ្តាសាយបក្សី។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបន្ថែមថា អ្នកដែលមើលថែមាន់ផ្ទុកជំងឺផ្ដា​សាយ​បក្សីក្នុងចម្ការនេះ មានតែ២នាក់ប៉ុណ្ណោះ ដែលត្រូវជាក្មួយរបស់ម្ចាស់ចម្ការចិញ្ចឹមមាន់ ខណៈម្ចាស់រស់នៅផ្ទះផ្សេងមួយទៀត ហើយយូរៗបានមកមើលមាន់ម្តង។



លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់ដែរថា បុរសទាំង២នាក់នោះ គឺមិនមានចេញរោគសញ្ញាគួរឱ្យសង្ស័យអ្វីឡើយ ហើយមូលហេតុយកសំណាកពួកគេទៅធ្វើតេស្ដ ដើម្បីបង្ការខ្លាចមាន់ងាប់ទាំងនោះឆ្លងដល់មនុស្ស។

លោកថា៖« លទ្ធផលបានបញ្ចាក់ច្បាស់ហើយ កម្រិតជំងឺផ្តាសាយបក្សីH1N5របស់មាន់ក្នុងចម្ការនេះ មានកម្រិតទាបទេ ដែលមិនអាចចម្លងទៅមនុស្សបាន ប៉ុន្តែខាងសុខា​ភិ​បាល​យកសំណាកបុរស២នាក់នេះដើម្បីពិនិត្យ«។

ទោះជាយ៉ាងណា​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានអះអាងថា ចាប់​តាំងពីឆ្នាំ​២០០៥ ដល់ ២០១៤ ក្នុងប្រទេសកម្ពុជាធ្លាប់កើតមានជំងឺផ្តាសាយបក្សីនេះ ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ក្នុងនោះបណ្ដាលឱ្យមនុស្សស្លាប់ ៣៧ ករណី ។  

រោគសញ្ញាដែលមនុស្សឆ្លងជំងឺនេះពីបក្សី ដូចជាគ្រុនក្តៅលើសពី៣៨.៥ អង្សាសេ ក្អក ឬ​ឈឺក ឬដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងអំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ដែលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាលល៕