​លោក​ ហ៊ាន​ វណ្ណហន​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មានប្រសាសន៍​ថា បច្ចុប្បន្ន​កសិករខ្មែរ ​អាច​ផលិត​ស្រូវ​បាន​លើស​ពី ១០ លាន​តោន​ក្នុង ១ ឆ្នាំ​​ ឯណោះ ចំណែកដំឡូង​មីកសិករអាចផលិត ​​បាន ១៣ ​លាន​តោន​​ក្នុង ១ ​ឆ្នាំ។ លោកថា អ្នក​វិនិយោគធំៗ​ មិន​គួរ​មើល​រំលង​​​នូវ​ការ​វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​ និង​ដំឡូង​មី​ នេះនោះឡើយ។

មន្រ្តីកសិកម្មរូបនេះ បន្ថែមថា​ បច្ចុប្បន្ន​​រោងម៉ាស៊ីន​កិនស្រូវ​ និង​ដេប៉ូ​ទិញ​ដំឡូងមី ​បន្ដ​កើត​មាន​ច្រើន​ ដោ​យ​អ្នក​វិនិយោគ​​ភាគ​ច្រើន ​ធ្វើ​នៅ​ខេត្ដ​កំពង់ចាម​​ បាត់ដំបង​​ និងខេត្ដ​​បន្ទាយមានជ័យ​ជាដើម។ លោក ហ៊ាន​ វណ្ណហន ចង់ឲ្យ អ្នក​វិនិយោគ​ ត្រូវ​សម្រុក​ទិញ​ដំឡូង​មី​ស្រស់ និង​ស្រូវ​ ពី​​​​កសិករ​នៅ​រដូវ​ប្រមូល​ផល​ ​ដើម្បី​​ស្ដុកទុក​​កែច្នៃ​​មុន​​​នឹងអ្នក​ផលិត​សម្រេច​លក់ចេញ​ទៅ​ក្រៅ​ដោយ​ផ្ទាល់តែម្តង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន លោក បញ្ជាក់យ៉ាងនេះ៖«ផលិតកម្មស្រូវ និងដំឡូងមី រួមទាំងខ្សែច្រវាក់កែច្នៃរហូតដល់ការនាំចេញ មានការគាំទ្រពីគោលនយោបាយជាតិ (គោលនយោបាយជំរុញផលិតកម្មស្រូវនិងជំរុញការនាំចេញអង្ករ និង គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មជាតិ) ជាពិសេស និងជាការងារ បែងចែកចំណូលដល់កសិករជារូបវ័ន្ត ច្រើនជាងមុខដំណាំដទៃ ដែលជាបរិស្ថាន និងឱកាសល្អបំផុតសំរាប់វិនិយោគិន»។