លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានប្រាប់សារព័ត៌មានខ្មែរណាស់ថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានលំដាប់ពិភពលោករបស់NagaCorp ដែលជាក្រុមហ៊ុនមេរបស់កាស៊ីណូNagaworld ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបាន
ក្រុម​​ប្រឹក្សាអភិវឌ្ឃន៍ជនបទអនុម័ត្តឲ្យធ្វើការវិនិយោគរួចហើយ និងមិនប៉ះពាល់ជាមួយដីលំនៅឋានឬដីស្រែរបស់ពលរដ្ឋនោះទេ។

លោកបន្តថា គម្រោងអភិវឌ្ឍន៍លើផ្ទៃដីចំនួន៧៥ហិកតា គឺជាដីរបស់រដ្ឋទាំងអស់ ហើយពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ ពីព្រោះ
អំ​ឡុង​​ពេលសាងសង់និងដំណើរការគម្រោង គឺក្រុមហ៊ុនត្រូវការបុគ្គលិកនិងកម្លាំងពលកម្មយ៉ាងច្រើន ហើយវានឹងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋខេត្តសៀមរាបដែរ។

លោកថា៖«កន្លងមកនៅក្រុងសៀមរាបយើងនេះ ត្បិតមានសំណង់ច្រើនហើយក្តីជាប្រភេទសណ្ឋាគារ និងផ្ទះសំណាក់ ក៏ប៉ុន្តែយើងមិនមានសណ្ឋាគារណាជាលំដាប់ផ្កាយនោះទេ។ ហើយគម្រោងអភិវឌ្ឍន៍នេះ ជាការបំពេញចំណុចខ្វះខាតនេះដើម្បីឲ្យសេវាកម្មរបស់យើងមានកម្រិតមួយល្អ ក្នុងការទទួលភ្ញៀវទេសចរកំពូលៗ។ ខ្ញុំឧទាហរណ៍ថា ប្រសិនបើមានតួរសម្តែងលំដាប់ពីបរទេសមកសម្តែងនៅសៀមរាបយើង យើងមិនមានសណ្ឋាគារល្អឲ្យគេស្នាក់នៅទេនោះ គេច្បាស់ជាទៅស្នាក់នៅថៃអីជាដើមហើយ»។



កាលពីថ្ងៃទី១៥វិច្ឆិកានេះ ក្រុមហ៊ុន NagaCorp ប្រកាសពីការអភិវឌ្ឍរមណីយដ្ឋាននេះ នៅខេត្តសៀមរាបក្នុងទឹកប្រាក់វិនិយោគ៣៥០លានដុល្លារ ហើយការអភិវឌ្ឍន៍នឹងបញ្ចប់រួចរាល់នៅត្រឹមឆ្នាំ២០២៥ ដែលក្រុមហ៊ុនអះអាងថា នឹងមិនមានបើកជាលក្ខណៈល្បែងស៊ីសងនោះទេ។

រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនជួលដីទំហំ៧៥ហិកតាក្នុងរយៈពេល៥០ឆ្នាំ ដែលមានទីតាំងចម្ងាយ៥០០ម៉ែត្រនៅខាងត្បូងនៃតំបន់ហាមឃាត់នៅជុំវិញប្រាសាទអង្គរវត្ត ដើម្បីឱ្យក្រុមហ៊ុនបង្កើតទីតាំងកម្សាន្តចម្រុះបែបដូចជា Seam Reap China Town ដែលជាកន្លែងមានហាងលក់ស្រា អាហារ បង្កើតសួរច្បារ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយរបស់អង្គរជាដើម៕