លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានណែនាំឱ្យមន្ត្រីជំនាញឆ្លាក់អក្សរ​«​ហាម​បោះ​ចោលសំរាម»នៅលើថ្មម៉ាបដាក់តាមសួនច្បារតំបន់ឆ្នេរ ហើយប្រសិនបើមានករណីរំលោភ​បំពានលើបំរាមនេះ អ្នកទេសចរទាំងជាតិនិងបរទេស នឹងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ ១១៣ មាត្រា៤៣ ស្តីពីការផាកពិន័យអន្តរកាលចាប់ពី២ម៉ឺនរៀលទៅ​៤​សែន​រៀល។

ការណែនាំរបស់អភិបាលខេត្តនេះ បានធ្វើឡើងនៅក្នុងពេលលោកចុះត្រួតពិនិត្យហេដ្ឋារចនា​សម្ព័ន្ធក្នុងក្រុង និងតាមតំបន់ឆ្នេរកាលពីថ្ងៃទី២៣វិច្ឆិកាម្សិលមិញ។

លោក គួច ចំរើន ក៏បានអំពាវនាវអ្នកចូលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ត្រូវចូលរួមសហការថែរក្សាអនាម័យនិងបរិស្ថានទាំងអស់គ្នា។



លោក ឃាង ភារម្យ មន្រ្តីនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ខ្មែរណាស់ថា ការណែ​នាំ​របស់អភិបាលខេត្តឱ្យមន្ត្រីជំនាញឆ្លាក់អក្សរ«ហាមបោះចោលសំរាម»លើថ្មម៉ាបដាក់តាមតំបន់សាធារណៈ នេះ គឺជាជំហានទី១ដើម្បីអប់រំនិងព្រមានជាមុន ហើយការផាកពិន័យនឹងចាប់ផ្ដើមធ្វើឡើងនៅពេលខាងមុខដ៏ខ្លីនេះ គឺបន្ទាប់ពីមានការបំពាក់កាមេរ៉ានៅតាមតំបន់នោះរួចរាល់។

លោកថា៖«ពាក់ព័ន្ធនឹងគម្រោងដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ។ អ៊ីចឹង! ប្រព័ន្ធដែលនៅសេសសល់ដែលយើងអត់ទាន់បានដំឡើង មានកាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរា​ចរណ៍ ហើយគ្រោងនឹងដំឡើងក្នុងពេលឆាប់ៗនេះ»។

អាជ្ញាធរខេត្តព្រះសីហនុអះអាងថា ផ្លូវទាំង៣៤ខ្សែនឹងស្ថាបនាហើយរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕