មន្ទីរអប់រំរាជធានីភ្នំពេញបានសម្រេចមិនឲ្យអ្នកគ្រូម្នាក់នៅសាលាសន្ធរម៉ុក បញ្ឈរជើង​ឈប់បង្រៀនរយៈពេល១ឆ្នាំ និងបានផ្ទេរឱ្យទៅធ្វើការនៅសាលាផ្សេងទៀត ដើម្បីពិចារណា​កំហុស។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៣កុម្ភៈនេះថា អ្នកគ្រូដែលជំរិតទារលុយកូនសិស្សនៅសាលាបឋមសិក្សាសន្ធរម៉ុកក្នុងខណ្ឌទួលគោក ត្រូវបានមន្ទីរផ្លាស់ប្តូរឱ្យទៅធ្វើជាបុគ្គ​លិកទីចាត់ការនៅសាលាបឋមសិក្សាសែនសុខ ក្នុងខណ្ឌសែនសុខ និងមិនអនុញ្ញាតឲ្យបង្រៀននោះទេ។

លោកថ្លែងថា៖«ទាក់ទងបញ្ហានេះ យើងមានវិធានការរដ្ឋបាលចំនួន២។ វិធានទី១ ស្តីបន្ទោសជាលាយលក្ខណ៍អក្សរ ផ្អាកការតំឡើងប្រាក់ខែ ហើយវិធានការរដ្ឋបាលទី២ គឺអាចលុបឈ្មោះចេញពីគ្រប់ខណ្ឌអ៊ីចឹង។ ការអនុវត្តចំពោះករណីអ្នកគ្រូខាងលើនេះ គឺយើងយកវិធានការទី១ ដែលមានសុពលភាពរយៈពេល១ឆ្នាំ ដែលការដាក់ផ្លាស់ទៅនេះមិនឲ្យគាត់បង្រៀនទេ បើកក្នុងរយៈ១ឆ្នាំនេះគាត់អត់ធ្វើអីខុស គឺវិធានការនេះអស់សុពលភាពហើយ»។

អ្នកស្រីបង្រៀនដែលរងការពិន័យនិងមិនត្រូវបានបញ្ចេញឈ្មោះ បានរងការចោទប្រកាន់អាណាព្យាបាលសិស្ស ថាបានជំរិតទារប្រាក់ពីសិស្សម្នាក់ៗចំនួន៦ម៉ឺនរៀលជារៀងរាល់ខែ ដោយអះអាងថាប្រាក់សម្រាប់ការដឹងគុណទៅដល់គ្រូ និងថែមបង្ខំឱ្យសិស្សទៅរៀននៅសាលាផ្សេង បើមិនព្រមបង់លុយជារៀងរាល់ខែនេះ។



សមាគមគ្រូបង្រៀនឯករាជ្យបានលើកឡើងថា ការបង្ខិតបង្ខំកូនសិស្សឱ្យបង់លុយ គឺជាការរំលោភសិទ្ធិទៅលើកូនសិស្ស និងប្រព្រឹត្តខុសក្នុងនាមជាគ្រូបង្រៀនដែលត្រូវដើរតួរនាទី​ជាអាណាព្យាបាលទីពីររបស់សិស្ស។ ប្រធានសមាគមអះអាងថា ករណីគ្រូបង្រៀន​ទារ​លុយពីសិស្សនេះ មិនមែនទើបតែកើតមានក្នុងសាលាសន្ធរម៉ុកនេះទេ គឺតែងតែកើតឡើងជារឿយៗនៅក្នុងសង្គម ដូចជាគ្រូខ្លះបង្ខំឱ្យសិស្សរៀនគួរ និងក្នុងរូបភាពបង្ខំឱ្យកូនសិស្ស​ទិញនំចំណីដែលពួកគាត់ដាក់លក់ក្នុងសាលាជាដើម។

លោក ហែម ស៊ីណារ៉េត បានបន្តថា ក្រសួងតែងតែមានវិធានការបន្តបន្ទាប់ ពេលប្រជុំក៏បានផ្សព្វផ្សាយ ហើយសាលាទាំងអស់តែងតែមានកិច្ចសន្យាជាមួយគ្រូបង្រៀន ដើម្បីកុំឲ្យមានករណីមិនប្រក្រតីកើតឡើង។

លោកបានបញ្ជាក់ថា កាលពី៦ឆ្នាំមុន នៅសាលាសន្ធរម៉ុកក៏មានករណីគ្រូសុំលុយពីសិស្សដែរ និងគ្រាន់ហៅគ្រូនោះមកព្រមាន និងដកឲ្យមកនៅទីចាត់ការ៕