មន្ទីរពេទ្យបង្អែកស្រុកបាភ្នំ ទើបត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ប៉ុណ្ណោះទេ បន្ទាប់ពីស្រុកនេះ ស្ថិតក្នុងស្ថានភាពគ្មានពេទ្យបង្អែកអស់ជាច្រើនឆ្នាំមកហើយ។ មន្ទីរពេទ្យនេះអាចទទួលអ្នកជំងឺបានចន្លោះពី៣០ទៅ៤០នាក់ក្នុងមួយថ្ងៃ។

នៅពេលចុះទៅដល់មន្ទីរពេទ្យនេះភ្លាមៗ ក្រុមការងារយើងសង្កេតឃើញថាបន្ទប់ដាក់អ្នកជំងឺបានពេញ ហើយអ្នកជំងឺខ្លះត្រូវបានគ្រូពេទ្យរៀបចំឲ្យសម្រាកនៅផ្នែកខាងក្រៅបន្ទប់យ៉ាងព្រោងព្រាត។ នៅពេលសួរថាលំបាកទេ អ្នកជំងឺថ្លែងថាមិនជាបញ្ហាអ្វីឡើយ។

អ្នកជំងឺម្នាក់វ័យប្រហែល៧០ឆ្នាំ មានជំងឺលើសឈាម បានថ្លែងកោតសរសើគ្រូពេទ្យមិនដាច់ពីមាត់ថាបានយកចិត្តទុកដាក់មើលថែទាំពួកគាត់ណាស់។ គាត់ថា«ណ្ហើយ គ្រូពេទ្យគេឥលូវខុសពីមុនណាស់ គាត់យកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់»។

អ្នកជំងឺមកពីឃុំស្ដៅកោងរូបនេះ ថ្លែងទៀតថា«ប្រសិនបើគ្រូពេទ្យមិនយកចិត្តទឹកដាក់ ម្លេះសមអ្នកជំងឺស្លាប់អស់មិនខានទេ ខ្ញុំអរគុណណាស់ មិនមែននិយាយមុខពេទ្យទេ តែពេទ្យស្រុកយើងនេះ ពួកគាត់ប្រឹងធ្វើការណាស់»។

ដោយឡែកស្រ្តីម្នាក់ទៀតដៃជាប់សេរ៉ូមព្រោះមានជំងឺរលាកតម្រង់នោម បានថ្លែងថាគាត់ពិតជាត្រេកអរនៅពេលមកដល់ពេទ្យ ហើយត្រូវបានគ្រូពេទ្យយកចិត្តទុកដាក់។ គាត់ថា« ខ្ញុំមកពីរថ្ងៃបានធូរច្រើន។ ពីដំបូងថាមិនចង់មកទេពេទ្យស្រុក ខ្លាចគេមិនយកចិត្តទុកដាក់ តែបានមកទើបដឹងថាគេមើលយើងណាស់»។

លោកវេជ្ជៈបណ្ឌិតប្រធានមន្ទីរពេទ្យបានថ្លែងថានៅឆ្នាំ២០១៨ ២០១៩ខាងមុខនេះ មន្ទីរពេទ្យលោកនឹងទទួលបានអគារថ្មីៗ២ទៀត គឺអាគារអ្នកជំងឺទូទៅផ្ដល់ដោយក្រសួងសុខាភិបាល និងអគារសម្រាប់ព្រះសង្ឃ។ លោកថាពលរដ្ឋស្រុកបាភ្នំកាន់តែច្រើនបានងាកមកព្យាបាលនៅពេទ្យស្រុក៕