នៅថ្ងៃទី១៨កុម្ភៈនេះ សមាគមបណ្តាញយុវជនកម្ពុជាបានដាក់លិខិតស្នើសុំមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីចុះល្បាតនៅដែនជម្រកសត្វព្រៃព្រះរកា ជាមួយសហគន៍ និងមន្ត្រីអនុរក្សចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែនៅម៉ោង១១ ថ្ងៃដដែលនេះ ខាងមន្ទីរបរិ​ស្ថានបានទូរសព្ទហៅក្រុមយុវជនទៅពិភាក្សា និងសម្រេចមិនអនុញ្ញាតឱ្យពួកគេចូលទៅក្នុងដែនព្រៃជម្រកនោះឡើយ។

យុវជនបានលើកឡើងថា ការមិនអនុញ្ញាតឱ្យចុះល្បាតនេះ ដោយសារខាងមន្ទីរបរិស្ថានបានយកហេតុផលដែលសមាគមបណ្តាញយុវជនកម្ពុជាពុំបានទៅចុះបញ្ជីនៅក្រសួងមហា​ផ្ទៃ និងពុំបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន។

លោក សាន់ ម៉ាឡា មន្ត្រីផ្អែកតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ចាប់ពីខែមករាឆ្នាំ២០២០មក ខាងមន្ទីរបរិស្ថានតែងតែរារាំងមិនឲ្យក្រុមយុវជនចូលទៅល្បាតនៅដែនជម្រកសត្វព្រៃព្រះរកា ថ្វីមានការដាក់លិខិតស្នើការអនុញ្ញាតក្ដី។

លោកថា៖«យើងធ្លាប់បានដាក់ ម្តងពីរម្តង គឺគេឲ្យចូល ប៉ុន្តែថ្មីៗនេះគឺទោះបីជាយើងដាក់លិខិត ក៏មិនឲ្យយើងចូលដែរ»។

លោកបន្តថា ការហាមឃាត់ក្រុមយុវជនមិនឲ្យចូលល្បាតក្នុងដែនជម្រកសត្វព្រៃព្រះរកានេះ គឺជាការខាតបង់ប្រយោជន៍សារធារណៈ ព្រោះថាបទល្មើសនៅតំបន់នោះ ចេះតែកើតឡើងឥតឈប់ឈរ ហើយក្នុងមាត្រា២៩ក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិបានចែងថា ប្រជាពលរដ្ឋ ព្រះសង្ឍ សិក្សានុសិស្ស មន្ត្រីរាជការ និងកម្លាំងអាវុធទាំងអស់ មានករណីកិច្ចក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ។

លោកថា៖«ដូឆ្នេះក្នុងច្បាប់នេះ ក៏បានបញ្ជាក់ពីសិទ្ធរបស់យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋគឺអាចទៅចូលរួមការពារព្រៃផងដែរ»។



ចំណែកលោក ស្រី ចក់ សុភាព នាយិកាមជ្ឍមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានលើកឡើងថា ការបដិសេធមិនឲ្យល្បាតព្រៃ នេះ គឺជាការអនុវត្តផ្ទុយពីឆន្ទៈរបស់រដ្ឋាភិបាលដែលកន្លងមកចង់រក្សាព្រៃ ជាពិសេសតាមច្បាប់ជាតិស្តីពីបរិស្ថានបានលើកទឹកចិត្តពលរដ្ឋគ្រប់រូបទាំងអស់ចូលរួមអភិរក្សធនធានធម្មជាតិ។

លោកស្រីថា៖ចំពោះអំណះអំណាងផ្សេងទៀត ដែលអាជ្ញាធរបានលើកឡើងពាក់ពាក់នឹងការចុះញ្ជីជាសមាគម ឬបណ្តាញជាដើមនេះ បើយើងមើលទៅគឺអាជ្ញាធរខ្លួនឯងមិនយល់ពីនីតិវិធីច្បាប់ដែលមានជាធរមានថែមទៀត។ ហេតុអី យើងដឹងហើយបណ្តាញយុវជនកម្ពុជាហ្នឹងគឺ បើមើលតាមច្បាប់អង្គការសមាគមគឺមិនតម្រូវឲ្យចុះឈ្មោះឡើងវិញនោះទេ ព្រោះបន្ទាប់ពីច្បាប់ហ្នឹងចូលជាធរមាន ចំពោះបណ្តាញទាំងឡាយណាដែលចុះបញ្ជីជាមួយក្រសួងកន្លងមករួចហើយ គឺត្រូវបានទទួលស្គាល់ជាស្វាយប្រវត្តិ។ អ៊ីចឹង!ខ្ញុំមិនយល់ហេតុអ្វីដែលអាជ្ញាធរនៅមូលដ្ឋានហ្នឹង លោកយកមកអះអាងចំពោះច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះទេ»។

លោកស្រីបន្តថា ការតម្រូវឲ្យចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន គឺកាន់តែផ្ទុយពីច្បាប់ទៅទៀត ព្រោះការមាន MOU នេះតម្រូវតែចំពោះស្ថាប័នអន្តរជាតិ មិនមែនសម្រាប់​អង្គការ ឬសមាគមក្នុងស្រុកនោះទេ ហើយការដែលតម្រូវឲ្យមាន MOU នេះមិនដឹងថាយោងទៅលើលក្ខខណ្ឌអ្វីនោះដែរ។

លោកស្រីថា៖«ជារួមចំពោះនៃការចុះបញ្ជី ឬក៏តម្រូវឲ្យចុះMOUនេះ ខ្ញុំយល់ថាមិនគួរជាលក្ខខណ្ឌមួយក្នុងការរារាំងដល់បណ្តាញ ឬពលរដ្ឋក្នុងការចូលរួមប្រើប្រាស់សិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនោះទេ។ ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពសេដ្ឋកិច្ចវប្បធម៌ ហើយតាមច្បាប់ការពារព្រៃឈើក៏លើកទឹកពលរដ្ឋឲ្យចូលរួមការពារព្រៃឈើផងដែរ»។

កាលនៅរសៀលថ្ងៃទី០៥កុម្ភៈ សកម្មជនព្រៃឈើចំនួន៥រូប រួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ែន មុត លោក ហេង រុន និង ផង ឈាង ត្រូវបានមន្រ្តីបរិស្ថានខេត្តក្រចេះ ចាប់ខ្លួនពេលក្រុមសកម្មជនទាំងនេះ បានចុះឃ្លាំមើលបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ព្រៃឡង់៕