មន្រ្តីអង្គការសុខភាពពិភពលោកWHOបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ឆ្នាំ​២០២១​ដែលជាឆ្នាំទីពីរនៃការរាតត្បាតដោយជំងឺកូវីដ១៩អាចនឹងមានសភាពធ្ងន់ធ្ងរជាងការឆ្លងរាតត្បាតនៅក្នុងឆ្នាំ២០២០ដែលជាឆ្នាំដំបូង ហើយឆ្នាំទី២នេះ បានបង្ហាញពីរបៀបដែលមេរោគឆ្លងថ្មីកំពុងរីករាលដាល ជាពិសេសនៅតំបន់អឌ្ឍគោលខាងជើង។

លោក Mike Ryan នាយកប្រតិបត្តិការខាងផ្នែកគ្រាអាសន្នរបស់អង្គការសុខភាពពិភព​លោកបានលើកឡើងថា៖«យើងបានឈានចូលឆ្នាំទីពីរដែលអាចកាន់តែធ្ងន់ធ្ងរជាងមុន ដែលផ្ដល់មកនូវការឆ្លងរាតត្បាតនិងបញ្ហាមួយចំនួន ដែលយើងកំពុងឃើញ»។

ការលើកឡើងពីមន្រ្តីជាន់ខ្ពស់របស់WHOនេះ គឺស្របពេលចំនួនអ្នកស្លាប់នៅទូទាំងពិភព​លោកដោយសារជំងឺឆ្លងកូវីដ១៩ បានកើនឡើងជិត២លាននាក់ក្នុងចំណោមមនុស្សឆ្លងចំនួន ៩១.៥ លាននាក់។

អង្គការសុខភាពពិភពលោកក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតចុងក្រោយរបស់ខ្លួន និងបានអះអាងថា មានករណីថ្មីចំនួន៥លាននាក់ ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ហើយលទ្ធផលនាំឱ្យមានការឆ្លងរាលដាលខ្ពស់នេះ អាចមកពីមនុស្សមិនការពារខ្លួននៅថ្ងៃឈប់សម្រាកចូលឆ្នាំសកល។



លោក Mike Ryan បាននិយាយថា ពិតណាស់ នៅអឌ្ឍេគោលខាងជើង ជាពិសេសនៅ​អ៊ឺរ៉ុប​និងអាមេរិកខាងជើង គេបានឃើញមានព្យុះព្រិលតាមរដូវកាល បានធ្វើឱ្យមនុស្សស្ថិតនៅក្នុងអាគារជុំគ្នា និងបង្កើនឱ្យមានការឆ្លងរាលដាលកើនឡើងនៅក្នុងប្រទេសជាច្រើន។

ចំណែកលោកស្រី Maria Van Kerkhove មន្រ្តីប្រធានបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកសម្រាប់ប្រឆាំងកូវីដ បានព្រមានថាបន្ទាប់ពីវិស្សមកាលរួច នៅក្នុងប្រទេសខ្លះស្ថានភាពឆ្លងរាលដាលនឹងកាន់តែអាក្រក់ទៅៗ។

ការព្រមានទាំងនេះ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ក្រោយពីវីរុសកូវីដម្លែងថ្មីដែលអាចឆ្លងរាលដាលកាន់តែខ្លាំង ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ហើយបណ្ដាប្រទេសនៅអឺរ៉ុបកាលពីថ្ងៃពុធបានប្រកាស ពីការរឹតបន្តឹងឱ្យកាន់តែយូរថែមទៀត៕