មន្រ្តីខេត្តបាត់ដំបងបានលើកឡើងថា ជំងឺផ្ដាសាយបក្សីH5N1 ដែលបានផ្ទុះឡើងធ្វើឱ្យសត្វមាន់ជាង១៣០០ក្បាលងាប់កាលពីថ្ងៃទី៧និងទី៩មករានេះ នៅក្នុងភូមិព្រែកតាច្រែង ឃុំព្រៃនរិន្ទ ស្រុកឯកភ្នំ ពុំទាន់ឆ្លងរាលដាលទៅកន្លែងផ្សេងទៀតនៅឡើយទេ។ មន្រ្តីបានអះអាងថា តំបន់ដែលផ្ទុះជំងឺនេះ កំពុងស្ថិតក្នុងការរឹតបន្តឹងនិងតាមដាន។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៨មករានេះថា អាជ្ញាធរបានណែនាំពលរដ្ឋត្រូវផ្អាកការធ្វើចរាចរសត្វមាន់ឆ្លងកាត់តំបន់ដែលផ្ទះជំងឺផ្តាសាយបក្សីក្នុងរង្វង់៣គីឡូម៉ែតរយៈ៣០ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកថា៖«យើងគ្រប់គ្រងជំងឺផ្តាសាយបក្សីនេះបាន។ ហើយយើងផ្ទុះតែតំបន់មួយនេះទេ។ យើងមិនឲ្យមានការឆ្លងកាត់ក្នុងរង្វង់ផ្ចត់៣គីឡូ តាមការប្រកាសរបស់ក្រសួងកសិកម្ម ក្នុងរយៈពេល៣០ ថ្ងៃ ក្រោយពេល មានការចេញសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម»។

មាន់ចិញ្ចឹមក្នុងចម្ការកន្លែងនៅភូមិព្រែកតាច្រែង បានចាប់ផ្តើមឈឺនៅថ្ងៃ៦មករា និងបានងាប់ជាបន្តបន្ទាប់ ដែលនាំឱ្យមន្ត្រីបានយកសំណាកពីមាន់ទាំងនោះទៅពិនិត្យនិងបានរកឃើញមានផ្ទុកជំងឺផ្តាសាយបក្សី។ មន្រ្តីសន្និដ្ឋានថា ការផ្ទុះឡើងនៅពេលនេះ គឺសត្វមាន់អាចឆ្លងពីសត្វបក្សីព្រៃ។



ជំវិញបញ្ហានេះ សារព័ត៌មានខ្មែរណាស់មិនសុំការបញ្ជាក់បន្ថែមពី លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានទេ ដោយសារលោកប្រាប់ថាកំពុងជាប់រវល់។

ក្រោយមានករណីផ្ទុះជំងឺផ្ដាសាយបក្សីនេះ គឺនៅថ្ងៃទី១២មករា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសកំណត់តំបន់ជំងឺផ្តាសាយបក្សីនៅភូមិព្រែកតាច្រែង និងបញ្ជាឱ្យអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វចាត់វិធានការបសុព្យាបាលនៅតំបន់ផ្ទុះជំងឺផ្តាសាយបក្សីនៅតំបន់នេះ។

វិធានការទាំងនោះ មានដូចជា បំផ្លាញចោលបក្សីគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបច្ចេកទេសបសុពេទ្យ ផ្អាកបណ្តោះអាសន្នលើការទិញ ការលក់ និងការដឹកជញ្ចូនបក្សីគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់៣ គីឡូម៉ែត ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺនេះ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតានដាន ព្រមទាំងសិក្សាស្រាវជ្រាវប្រភេទជំងឺផ្តាសាយបក្សីក្នុងរយៈ៣០ ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំក្នុងរង្វង់១០ គីឡូម៉ែត ពីចំណុចនៃតំបន់ផ្ទុះជំងឺ។

មន្រ្តីសុខាភិបាលខេត្តបាត់ដំបង ក៏បានសំណាកពីមនុស្សចំនួន២នាក់ ជាអ្នកមើលសត្វមាន់ទាំង១៣០០ក្បាលឆ្លងជំងឺផ្ដាសាយបក្សី ទៅធ្វើតេស្ដដែរ ប៉ុន្តែលទ្ធផលរបស់ពួកគេអវិជ្ជមាន។ នេះបើតាមលោក វជិរា៕