ស្វាយរៀង៖ មជ្ឈមណ្ឌលភាសាបរទេសតាគិនដែល ​ផ្តល់នូវការបង្រៀនភាសា​អង់គ្លេសគ្រប់កំរិត កុំព្យូទ័រ អ៊ីនធឺណែត និងគំនូរ​​ ​ដល់កុមារតូចៗនិងយុវវ័យនៅក្នុងខេត្តស្វាយរៀងដោយមិនគិតកម្រៃអស់រយៈពេល​ជិត៤ឆ្នាំមក​ហើយ​នោះ​​ កំពុង​ប្រឈម​នឹង​ បិទទ្វារ​នៅ​ក្នុង​ពេលដ៏ខ្លី​ខាងមុខ​នេះ។

មជ្ឈមណ្ឌលភាសាបរទេសតាគិនដែល បង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង​​ ដោយ​លោក​ម៉ៃ ទិត្យថារ៉ា អ្នកសារព័ត៌​មាន​ស៊ើប​អង្កេត​ល្បី​ឈ្មោះ​ម្នាក់ ដែល​បច្ចុប្បន្នជា​និពន្ធនាយកកាសែត​ខ្មែរថាមស៍​។

លោក ថារ៉ា បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌលរបស់​លោក ដែលបច្ចុប្បន្នមាន​សិស្ស​សិក្សារជាង​២០០នាក់កំពុងសិក្សា​រ​​​ ប្រឈម​មុខនឹង​​ បិទទ្វា​រ​នៅ​ក្នុងពេលដ៏ខ្លី​ខាងមុខនេះ ដោយ​សារ​​​តែ​លោកពុំ​មាន​លទ្ធភាព​ដើម្បី​ផ្គត់ផ្គង់​សាលា​នេះ​ទៅ​មុខ​​​នបាន​ទៀត​។ លោក​ថា​រ៉ា​ថ្លែងថា ៖«ខ្ញុំ​ស្ទើរតែមិនហ៊ាន​និយាយ ចំពោះពាក្យថាបិទទ្វារ​​។ ខ្ញុំ​ពិត​ជា​សោកស្តាយ។ ខ្ញុំ​ស្រណោះ​ណាស់​ នូវ​សម្លេង​ស្រែក​ទ្រហឹង​​អឹងកង​របស់​សិស្សតូចៗ ដែលគាត់​ខំ​ប្រឹង​រៀន​ភាសាអង់​គ្លេស។ តែខ្ញុំ​ពិត​ជា​ពុំ​អាចបន្តទៅមុខទៀតបាន​ទេ ដោយ​សារតែខ្ញុំ​គ្មាន​ថវិការដើម្បីទ្រទ្រង់បន្ត ​ទៀត​។ ខ្ញុំ​សូមទោស​ចំពោះ​កូនសិស្ស​ទាំងអស់​»។​

លោកថារ៉ាបានបន្តទៀតថា ៖«កាលពីខ្ញុំ​បើកសាលាដំបូង ខ្ញុំ​ពុំ​ទាន់ជំពាក់​ខាងមីក្រូហិរញ្ញវត្ថុ​ ប៉ុន្តែ​១ឆ្នាំកន្លងមក​នេះ​ ខ្ញុំ​ត្រូវការរកទ្រនំសម្រាប់គ្រួសាររបស់ខ្ញុំ​ដែលមាន​កូនតូចៗ​បួន​នាក់​ ដូច្នេះ​ខ្ញុំ​ត្រូវការចំណាយ​ច្រើន​ ដែល​ជា​ហេតុ​ធ្វើ​អោយខ្ញុំ​ខ្វះខាតថវិការ បើកប្រាក់បៀរវត្សន៍ជូន​លោកគ្រូ​អ្នកគ្រូ»។​

លោកថារ៉ាថ្លែងថា មជ្ឈមណ្ឌលភាសារបទេសតាគិននេះ រាល់ការចំណាយទាំងអស់​ គឺលោកបាន​យកថវិការ​ផ្ទាល់​​ខ្លួន​ដែលបាន​មក​ពីធ្វើ​ការ​ងារប្រចាំថ្ងៃ​​ ​ដើម្បីបើក​ប្រាក់ខែជូនលោកគ្រូអ្នកគ្រូ។ លោកថ្លែងថា ៖«​ការបើក​ដំបូង​យើងមាន​មិត្តភក្តិជួយ​ម្នាក់​៥ដុល្លារ ១០ដុល្លារ ក្នុងមួយ​ខែ តែ​មួយ​រយៈក្រោយ​មក​សកម្មភាពនេះ​ក៏​លែង​មាន​​។ ដូច្នេះ​ខ្ញុំ​ត្រូវបន្ត​សកម្មភាព​​ត្រដាប់ត្រដួសម្នាក់ឯង ខ្ញុំ​ខំបើកហាងកាហ្វេសង្ឃឹមថា​រក​ចំណួល​បាន​ទប់ទល់​សាលា​តែមិនអាច​ទៅរួច។ ដូច្នេះ​ខ្ញុំ​ក៏បាន​កាត់បន្ថយ​ ការ​ចំណាយផ្ទាល់​ខ្លួន ចំពោះការចំណាយណាដែល​មិន​ចាំ​បាច់​ដើម្បីយកលុយទប់ទល់សាលា​​​​»។​

លោកថារ៉ាបានរៀបរាប់បន្តទៀតថា តាមពិតទៅសាលារបស់លោកប្រឈមមុខនឹងការបិទទ្វារតាំងពី​កញ្ញា ឆ្នាំ ២០​១៨ មកម្ល៉េះ ប៉ុន្តែ​សាលា​នេះបន្តបើក​ទ្វារហូតដល់បច្ចុប្បន្ន ដោយសារ​ អង្គការមូនិធិទ្រទ្រង់​កុមារកម្ពុជា ដែលហៅកាតថា (CCAFO) ដែលមានលោក ហ៊ីង ចាន់ណារិទ្ធ​ ជាស្ថាបនិក។ លោកបាន​ជួយ​ថវិការ​ទ្រទ្រង់​ប្រាក់​បៀរវត្សន៍លោកគ្រូអ្នកគ្រួ​​រយៈពេល​៦ខែ តាមរយៈគម្រោងរបស់​អង្គការ iHerb។ ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ​ចំពោះ​​ស្ថាន​ភាព​របស់​អង្គការសង្គម​ស៊ី​វិល​បច្ចុប្បន្ន​។

លោកថារ៉ាបានថ្លែងថា ៖«ខ្ញុំ​ពិតជាអរគុណ​យ៉ាងខ្លាំងទៅដល់បងណារិទ្ធ និង iHerb ដែលបាន​ជួយ​អោយ​ សា​លា​​យើងបន្តបើកទ្វាដល់បច្ចុប្បន្ន»។

លោកថា បានថ្លែងថា គោលបំណងដែល​លោក​ផ្ដល់នូវការបង្រៀនភាសា​អង់គ្លេសគ្រប់កំរិត កុំព្យូទ័រ អ៊ីនធឺណែត និងគំនូរ​ ដល់កុមារតូចៗនិងយុវវ័យនៅក្នុងខេត្តស្វាយរៀងដោយមិនគិតកម្រៃនោះគឺ ចូលរួមចំណែក​អភិវឌ្ឍជា​មួយ​រាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយការជួញដូរពលកម្មកុមារនិង អនីតិជន​នៅតាម​បណ្ដោយព្រំដែន ពិសេស​ទៅ​កាន់ប្រទេសជិតខាង។ លើសពីនេះទៅទៀត​ ក៏ជាការចូលរួមចំណែក​ដ៏សំខាន់មួយ​ក្នុងការពង្រឹងវិស័យ​អប់រំក្រៅ​ប្រព័ន្ធ​នៅកម្ពុជា ពិសេសដល់កុមារនិងយុវជនដែលជាក្រុមជនងាយរងគ្រោះក្នុងការជួញ​ដូរ​ពលកម្ម​នៅ​ក្នុងខេត្ត​ស្វាយ​រៀងទៀតផង។

លោក សឹង សែនករុណា ដែល​ធ្លាប់ឧបត្ថម្ភមជ្ឈមណ្ឌលភាសាបរទេសតាគិននឹងបានចុះ​ទៅធ្វើ​ទស្សនៈកិច្ច​សិក្សា​ផ្ទាល់បានថ្លែងថា មជ្ឈមណ្ឌលនេះ មានសារៈសំខាន់ណាស់សំរាប់ កុមារក្រីក្រនៅក្នុងតំបន់ ដែល​ពួក​គេ​ខ្វះ​​​លទ្ធភាព បង់ប្រាក់ទៅចូលរៀននៅសាលាឯកជននានា។

លោកបានថ្លែងថា ៖«សំរាប់កុមារក្រីក្រមានតម្លៃណាស់ក្នុងការទទួលបាន ចំណេះដឹង ដោយមិនចំណាយប្រាក់ និងមានគុណភាពបែបនេះ ដើម្បីឲ្យមានឱកាសពង្រឹងពុទ្ធិ ចំណេះដឹងរបស់ពួកគេ ដោយឆ្ពោះទៅរកការកាសាង​សមត្ថភាពចាប់ពីមូលដ្ឋានគ្រឹះនេះ ប្រកប ដោយគុណភាព និងឈានទៅបន្តការសិក្សា​ឲ្យកាន់តែល្អប្រសើរ​ទៅ​អនាគត»។

លោកបានថ្លែងថា មជ្ឈមណ្ឌលនេះ បាន ជួយរួមចំណែកបំពេញនៅភាពខ្វះចន្លោះរបស់រដ្ឋាភិបាល ក្នុងការ​បង្កើន​ចំណេះដឹង និងលើកទឹកចិត្តដល់កុមារឲ្យទទួលបានសេវាអប់រំក្រៅប្រព័ន្ធ ជួយកាត់បន្ថយការចំណាយ របស់​គ្រួសារ​​របស់សិស្ស កាត់បន្ថយភាពអនក្ខរកម្មរបស់កុមារកម្ពុជា។

លោកថា ៖«ប្រសិនបើ​មជ្ឈមណ្ឌលនេះត្រូវបិទទ្វានៅថ្ងៃណាមួយ អនាគតកុមារទាំងនោះនឹងមាន​ភាព​ប្រឈម​ជាច្រើន ដូចជា ខ្វះលទ្ធភាពបន្តការសិក្សា។  អណាព្យាបាលសិស្សមានភាពក្រីក្រគ្មានលទ្ធភាពឲ្យកូនចៅពួក​គាត់បានរៀនសូត្របន្តនោះទេ ចំណាកស្រុក ក្លាយជាកម្មករ និងអាចក្លាយជាមនុស្សបង្ក​បញ្ហាផ្សេងៗ​នៅ​ក្នុង​សង្គម។ល។»។

ចំណែកឯលោក ជា ធីរិទ្ធ ដែលតែងតែជួយ​គៀងគររកថវិការសម្រាប់សិស្ស​ធ្វើអាហារហូបជូបជុំ​គ្នា​២​ឆ្នាំម្តងរវាង​សិស្ស​និងគ្រូ​នោះ បានថ្លែងថា មជ្ឈមណ្ឌលនេះ ជាកន្លែងសិក្សារបស់សិស្សក្រីក្ររាប់រាយ រាប់ពាន់នាក់​។ មជ្ឈមណ្ឌលនេះ បានចូលរូមចំណែកជួយដល់សង្គមច្រើន មានជាអាទិ៍ បណ្តុះបណ្តាល​ធន​ធាន​មនុស្សដែល​មាន​ជីវភាពក្រីក្រ កាត់បន្ថយកសិស្សបោះបង់សាលា ក្មេងទំនើងលែងសូវមាននៅពេលក្មេង​ក្នុង​ភូមិ​ទទួល​បានការអប់រំ កាត់បន្ថយការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ និងចូលរូមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

លោកបាថ្លែងថា ៖«បើសិនមជ្ឈមណ្ឌលនេះបិទ សិស្សក្រីក្រ និងសិស្សក្នុងគ្រួសារមធ្យមនៅក្នុងតំបន់នេះ រាប់រយ​នាក់ នឹងបាត់បង់ឱកាសរៀនក្រៅម៉ោងបន្ថែមដោយមិនគិតថ្លៃ។ ការសិក្សានៅក្នុងសាលារដ្ឋ របស់សិស្សក្រីក្រ​ទាំង​​​នោះ នឹងចុះខ្សោយ ដោយសារពួកគេមិនបានរៀនបានគួរបន្ថែមម៉ោង ដូចសិស្សដទៃដែល​មានជីវភាព​ធូរធា​»។

លោកបានថ្លែងទៀតថា  នៅសាលារដ្ឋ គ្រូបើកបង្រៀនក្រៅម៉ោង យកថ្លៃឈ្នួល ដែលធ្វើឲ្យសិស្សក្រីក្រ គ្មាន​ប្រាក់​​បង់​​​សម្រាប់សិក្សា។ ជាមួយគ្នានេះ អត្រាសិស្សក្រីក្របោះបង់ការសិក្សានៅតំបន់នេះ នឹងកាន់​តែ​ច្រើនផងដែរ។

លោកថ្លែងថា​ ៖« ខ្ញុំពិតសរសើរដល់ទឹកចិត្តស្ថាបនិក ដែលបានលះបង់ថវិកាផ្ទាល់​ខ្លួន​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង បើទោះជាជីវភាពគ្រួសារលោកមិនជាធូរធាប៉ុន្មានក្តី។ ជាងនេះទៀត គ្រូបង្រៀននៅមជ្ឈមណ្ឌលនេះ សុទ្ធតែ​ជាអ្នកមាន​ចំណេះ​ដឹងចែករំលែក និងស្ម័គ្រចិត្តបង្រៀនសិស្ស ដោយមិនយកប្រាក់ខែជាធំ»។​

រីឯយុវសិស្ស ប៉ែន ពៅ រស់នៅក្នុង​ភូមិបាក្រុង​ ឃុំស្វាយចេក ស្រុករំដួល ដែល​កំពុង​សិស្សា​ផ្នែក​ភាសា​អង់​គ្លេស​និង​កុំ​ព្យូរទ័រ បានថ្លែងថា​ មជ្ឈមណ្ឌលនេះបាន​ជួយ​ដល់​សិស្ស​​ដែល​ជួបការលំបាក ជាពិសេស​គឺ​សិស្សដែល​ខ្វះខាត់​ថវិការដើម្បីរៀនសូត្រ។ យុវសិស្ស​រូបនេះ​បានថ្លែងថា​ ៖«មជ្ឈមណ្ឌលនេះ​ បាន​ធ្វើឲ្យ​ពួកយើងខ្ញុំទាំង​គ្នា​មាន​សេចក្ដីសង្ឃឹមនៅពេលខាងមុខតទៅទៀត។ ខ្ញុំ​សូម​អោយ​ មជ្ឈមណ្ឌលនេះត្រូវតែដំណើររហូត»។​

លោកថារ៉ាបានថ្លែងថា គំនិតរបស់ខ្ញុំ​ប្រសិនបើមាន​មិត្តភក្តិ ចំនួន​ ១០០នាក់ ជួយ​គ្នាម្នាក់៥ដុល្លារក្នុង១ខែ ហើយ​ ​សល់ប៉ុន្មាន​ទៀត​ជា​បន្ទុករបស់ខ្ញុំ​នោះ​សាលានេះនឹងមិនបិទទ្វា​នោះទេ ព្រោះ​សាលា​នេះត្រូវការ​ថវិការ​មួយ​ខែ​ ៩០០ដុល្លារដើម្បី​ដំណើរការ​។​ លោកបានថ្លែងថា ៖«ទស្សនៈរបស់​​ខ្ញុំ​ចង់ឃើញកុមារ​និងយុវជន​ដែល​ងាយ​រងគ្រោះក្នុងការ ជួញដូរពលកម្មកុមារទាំងអស់នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ទទួលបានការអប់រំពេញលេញដូច​កុមារ​ទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។ ជាពិសេស​ខ្ញុំ​ចង់ឃើញ​គាត់ទទួល​អាហារូបករណ៍ទៅរៀននៅ​ក្រៅប្រទេស ព្រោះ​ពួកគាត់មាន​ដើមទន់អង់គ្លេសនិងកុំ​ព្យូររួចទៅហើយ»។​​

គួរបញ្ជាក់ផងដែរថា បើ​យោងតាម​សុន្ទរកថា​របស់លោក​ ហង់ ជួនណារ៉ុនរដ្ឋមន្ត្រី​ក្រសួង​អប់រំ  ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​ប្រចាំ​របស់​ក្រសួង​អប់រំ​កាលពី​ពេល​ថ្មីៗ​នេះ​  បាន​ឲ្យ​ដឹង​ថា​ តាម​លទ្ធផល​ដែល​សម្រេច​បាន​ពី​ឆ្នាំ​២០១៦​ ​និង​ ២០១៧​ កម្ពុជា​មាន​សាលា​មត្តេយ្យ​សិក្សា​ និង​សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណៈ​ និង​ឯកជន​សរុប​ចំនួន​១៤១៨៩​ ​រួម​មាន​សាលា​មត្តេយ្យចំនួន​៤៦៣២ ​សាលា​បឋមសិក្សា​មាន​ចំនួន​៧៦២១​ អនុ​វិទ្យាល័យ​១៣០៣ ​និង​វិទ្យាល័យ​៦៣៣។ ​ជាមួយ​នេះ​ មត្តេយ្យ​សិក្សា​សហគមន៍​មាន​ចំនួន​២៩៥៥​កន្លែង ​កុមារ​ចូល​រៀន​ចំនួន​៦៧៣៩៣ ​ក្នុង​នោះ​មាន​កុមារី​ ៥១,៣៣​ភាគ​រយ៕​