រូបភាពឯកសារ៖ មេឃ​ភ្លៀង​នៅទូទាំងប្រទេស

ភ្នំពេញ៖ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ១៣ កញ្ញានេះ រហូតដល់ថ្ងៃទី ១៩ កញ្ញា ដោយសារ ឥទ្ធិពលនៃព្យុះមួយឈ្មោះថា មង្ឃុត(Mungkut)។ នេះបើ​តាម​សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៣ ខែកញ្ញានេះ។

បើតាមក្រសួងធនធានទឹក បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក បានឲ្យដឹងថា៖ ព្យុះទី ២២ ឈ្មោះ មង្ឃុត បាននិងកំពុងធ្វើដំណើរទៅដល់​ភាគខាង​ជើងនៃប្រទេសវៀតណាម នៅយប់ថ្ងៃទី ១៧ ខែកញ្ញា។ ព្យុះទី ២៣ ឈ្មោះ បារីចាត (Barijat) និងថយឥទ្ធិពលនៅក្នុងសមុទ្រចិនខាងត្បូង ត្រង់ភាគខាងជើងកោះ​ហៃណាំ។

យោងតាមការព្យាករណ៍នេះ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

តំបន់ខ្ពង់រាបភាគឥសានជាប់ព្រំប្រទល់កម្ពុជា-ឡាវ និងតំបន់វាលទំនាបតាមបណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោកជាំ ដែលអាចបង្កជំនន់​ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងធនធានទឹក៕

អត្ថបទ៖ សាវតា