ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ប្រមាណ២៣ ២៧៨ នាក់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាម ក្រសួងទេសចរណ៍។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគូសបញ្ជាក់ថា មន្ទីរ​ទេសចរណ៍ខេត្តបានចាត់ ក្រុមការងារចំនួន ៤ក្រុម ចុះតាមគោលដៅ និងសេវា​កម្មទេស​ចរណ៍​នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹង គុណភាព ផលិតផល សេវាកម្ម អនាម័​យ បរិស្ថានសណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់​ស្កាត់ ការឆ្លងរីក​រាលដាល​ជំងឺកូវីដ១៩។ លោកបានបន្ដថា ថ្ងៃដំបូងឱកាសបុណ្យចូល​ឆ្នាំចិន ឆ្នាំ២០២១ ភ្ញៀវទេសចរ​មកលេងខេត្តកំពតមានចំនួនសរុប ២៣ ២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរ ជាតិចំនួន ២៣ ១០០ នាក់ និងភ្ញៀវ ទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ ប្រធានមន្ទីរបាន​លើក​ឡើងថា ស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយ​រលូន​ពុំមានបញ្ហាអ្វីកើត ឡើងគួរឱ្យយកត់សម្គាល់​ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និង​សេវាកម្មផ្សេងៗទៀតពុំមាន ការដំឡើងថ្លៃហួសហេតុនាំឱ្យមាន បាតុភាពនោះទេ។



សូមបញ្ជាក់ថា ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាល​ទេសចរណ៍ ចរាចរណ៍ ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូក​ជំរុញអាក់អាវពោង​សុវត្ថិភាព ការបង្ការការឆ្លងជំងឺកូវីដ១៩៕