ព្រះសីហនុ៖ «សង្ក្រាន្តសមុទ្រ» ឆ្នាំ២០១៩ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តព្រះសីហនុ បានទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១៩ម៉ឺននាក់ ពោលគឺមានការកើនឡើងរហូតជាង ២៦ភាគរយ បើប្រៀបធៀបទៅ​ពិធីបុណ្យចូល​ឆ្នាំ​​ថ្មីប្រពៃណីជាតិឆ្នាំ២០១៨ កន្លងទៅ។   

 លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ចំនួន​​ភ្ញៀវ​​ទេសចមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមកលេង « សង្រ្កាន្តសមុទ្រ» នៅខេត្តព្រះសីហនុ រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃ១៤ ដល់១៦ ខែ​មេសា ឆ្នាំ២០១៩ មានចំនួនសរុប ១៩១.៤៨៦នាក់ មានការកើនឡើង ២៦,៩៩ភាគរយ ធៀបនឹងឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៦៤.៩១៣នាក់ កើនឡើង ១៤,៣២ភាគរយ ធៀបនឹងឆ្នាំ២០១៨  និងភ្ញៀវទេសចរអន្តរជាតិចំនួន ២២.៥៥៣នាក់ កើនឡើង ១៣៣,៧៧ភាគរយ ធៀបនឹងឆ្នាំ២០១៨ ។ 

នេះជាលើកទី១នៅខេត្តព្រះសីហនុ ដែលអាជ្ញាធរខេត្តបានរៀបចំនូវព្រឹត្តិការណ៍ ជាច្រើន​នៅតាមក្រុង ស្រុក ពិសេសនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត បាន​ធ្វើឱ្យភ្ញៀវទេសចរ មានចំណាប់អារម្មណ៍មកលេងកម្សាន្តនៅខេត្តព្រះសីហនុ មាន​ការកើនឡើងគួរឱ្យកត់សម្គាល់ និងធានាបាននូវសន្តិសុខ សុវត្ថិភាព គួបផ្សំនឹងបរិស្ថានល្អ៕

ប្រែសម្រួល៖ ខ្មែរណាស់