ក្នុងរដូវកាលភ្ជុំបិណ្ឌឆ្នាំនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មាន២ទំព័រ ទៅកាន់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបង្ការបញ្ហាសុខភាព បណ្ដាលមកពីការបរិភោគចំណីអាហារ និងការពិសាស្រាក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ក្រៅពីវិធានអនាម័យលើម្ហូបអាហារត្រីសាច់បន្លែផ្លែឈើ៩ចំណុច ក្រសួងក៏បានណែនាំមនុស្សពេញវ័យទាំងអស់ សូមពិសាគ្រឿងស្រវឹងក្នុងកំរិតតិចតួច និងហាមពិសារក្នុងអំឡុងពេលបើកបរ និងបញ្ជាគ្រឿងម៉ាស៊ីន។ ស្រាស និងស្រាថ្នាំ ត្រូវបានក្រសួងប្រកាសឲ្យប្រយ័ត្ន។

ដើម្បីជាទំងន់នៃការក្រើនរំលឹកប្រជាពលរដ្ឋ ក្រសួងបានរៀបរាប់ ថាករណីពុលស្រា នឹងអាចនាំឲ្យអ្នកទទួលទានឈានទៅរកក្ដីមរណៈ បន្ទាប់ពីមានអាការៈមួយចំនួន ដូចជាឈឺក្បាល ក្អួត វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ និងពិបាកដកង្ហើមជាដើម។

មូលហេតុដែលនាំឲ្យពុលស្រា ត្រូវបានក្រសួងពន្យល់ថាដោយផ្អែកទៅលើការពិសោធន៍ ស្រាដែលនាំឲ្យពុលនោះ គឺត្រូវបានអ្នកផលិតលាយជាតិមេតាណុលខ្ពស់លើសកម្រិតពេក ពិសេសស្រាស ឬស្រាថ្នាំ ដែលត្រូវបានផលិដោយប្រភពមិនច្បាស់លាស់៕