ស្ត្រីអាយុ២០ឆ្នាំម្នាក់ ដែលត្រូវបានគេបាញ់ចំក្បាលឱ្យរបួសធ្ងន់កាលពីសប្តាហ៍មុន នៅ​ពេល​ក្រុមប៉ូលីសភូមាបានបាញ់គ្រាប់ពិតដើម្បីបំបែកក្រុមអ្នកតវ៉ានៅក្នុងរដ្ឋធានី​ណៃពីដោនោះ បានស្លាប់នៅថ្ងៃសុក្រទី១៩កុម្ភៈនេះ។

នារីឈ្មោះ Mya Thwate Thwate Khaing គឺបានបងប្រុសនិងមន្ទីរពេទ្យអះអាងថាបានស្លាប់ ។ នាងត្រូវបានគេបញ្ជូនមកកាន់មន្ទីរដើម្បីពេទ្យសង្គ្រោះបន្ទាន់តាំងពីថ្ងៃ​ទី​៩កុម្ភៈ គឺភ្លាមៗបន្ទាប់ពីនាងត្រូវរងរបួសដោយគ្រាប់កាំភ្លើងចំក្បាល ខណៈបានបានឈរតវ៉ាដោយពាក់មួកសុវត្ថិភាពជាមួយបងស្រីរបស់នាង។

នារីរូបនេះគឺត្រូវក្នុងចំណោមក្រុមបាតុករ៤នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលដំបូងត្រូវបានគេជឿជាក់បានរងរបួសពីការបាញ់ដោយគ្រាប់កាំភ្លើងជ័រ។ ប៉ុន្តែគ្រាប់​កាំភ្លើងដែលបានជាប់នៅក្នុងក្បាលរបស់រហូតបញ្ជូនទៅដល់មន្ទីរ ហើយតាមរយៈការថតពីកាំរស្មីX-Ray គឺវេជ្ជបណ្ឌិតបានអះអាងថា នាងត្រូវបានរងរបួសដោយគ្រាប់កាំភ្លើងពិត។



ស្រ្ដីវ័យ២០ឆ្នាំនេះ បានក្លាយជាមនុស្សដំបូងដែលបានស្លាប់នៅក្នុងបង្ក្រាបរបស់ក្រុមប៉ូលីល ចាប់តាំងពីមានក្រុមបាតុករចេញតវ៉ាប្រឆាំងក្រុមយោធា ដែលបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលតាំងពីថ្ងៃទី១កុម្ភៈមក។ ក្រុមបាតុករក៏បានលើកបដាទាមទារយុត្តិធម៌ឱ្យនាងដែរ។

នារីវ័យក្មេងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អន្តរជាតិជុំវិញស្ថានការកើតឡើងបច្ចុប្បន្ននៅភូមា និងបានក្លាយជានិមិត្តរូបនៃការតស៊ូដើម្បីទាម​ទារ​ឱ្យភូមាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយពីមានរដ្ឋប្រហារហើយយោធាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមួយឆ្នាំ។

កាណាដានិងអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មលើក្រុមឧត្តមសេនីយ៍យោធាភូមា។ ទណ្ឌកម្មដែលធ្លាក់មកជាបន្តបន្ទាប់នេះ ស្របពេលក្រុមយោធាបានឆ្លើយតបជាមួយក្រុមបាតុករដែលចេញតវ៉ារាប់សែននាក់នៅទូទាំងប្រទេស ដោយប្រើប្រាស់វិធីកាន់តែហិង្សា ដូចជាប្រើរថយន្តបាញ់ទឹក ប្រើដំបងវាយ និងប្រើគ្រាបកាំភ្លើងជ័រ និងពិត ដើម្បីបាញ់បំបែកក្រុមបាតុករ។ លើសពីនេះ យោថា ក៏ទើបបានដាក់ពង្រាយរថពាសដែកនិងកងទ័ពនៅទូទាំងប្រទេស៕