ប្រទេសចិនបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីច្រើនជាងចំនួន១០០នាក់ សម្រាប់ថ្ងៃទី៧ នៅថ្ងៃអង្គារ៍ទី១៩មករានេះ និងជាការឆ្លងដ៏ឆ្លងក្នុងស្រុកដ៏អាក្រក់បំផុត បើគិតចាប់តាំង​ពីខែមីនាឆ្នាំមុន។ ករណីឆ្លងរាលដាលជាថ្មីនេះ គឺកំពុងកើនឡើងនៅក្នុងខេត្តមួយចំនួនស្ថិតនៅភាគខាងជើងប្រទេសចិន។

អាជ្ញាធរចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា ចិនដីគោកមានករណីថ្មីចំនួន១១៨នាក់ ដែលច្រើនជាងតួលេខដែលប្រកាសកាលពីថ្ងៃចន្ទមានចំនួនឆ្លងត្រឹមតែ១០៩នាក់។

ក្នុងចំណោមអ្នកឆ្លង១១៨នាក់ គឺ១០៦នាក់ជាករណីអ្នកឆ្លងជំងឺក្នុងស្រុក ដែលស្ថិតនៅខេត្តនិងក្រុងមួយចំនួននៅភាគខាងជើងប្រទេសចិន ក្នុងនោះមាន៤៣នាក់នៅក្នុងខេត្តជីលីន ៣៥នាក់នៅខេត្តហឺប៉ី ម្នាក់នៅរដ្ឋធានីប៉េកាំង និង២៧នាក់នៅខេត្ត Heilongjiang។



អាជ្ញាធរចិនកំពុងបិទទីក្រុងមួយចំនួន ដើម្បីរារាំងលមនុស្សរាប់លាននាក់មិនឱ្យធ្វើដំណើរឆ្លងពីតំបន់មួយទៅតំបន់មួយទៀត និងដើម្បីធ្វើតេស្ដទ្រុងទ្រាយធំ ខណៈចិនកំពុងព្រួយបារម្ភថា ការឆ្លងមេរោគដោយមិនបានធ្វើតេស្ដ អាចនឹងធ្វើឱ្យរីករាលដាលយ៉ាងឆាប់រហ័សក្នុងឱកាសថ្ងៃឈប់សម្រាក់នៃពិធីបុណ្យចូលឆ្នាំថ្មីចិន ដែលនៅសល់តែប៉ុន្មានសប្តាហ៍ទៀត។

តាមទម្លាប់ ពលរដ្ឋចិនរាប់រយលាននាក់ នឹងធ្វើដំណើរក្នុងឱកាសវិស្សមកាលនេះ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ហើយពលករចំណាកស្រុក នឹងត្រឡប់ទៅស្រកកំណើតដើម្បីជួបក្រុមគ្រួសារ។

អាជ្ញាធរបានអំពាវនាវដល់ប្រជាជនឱ្យចៀសវាងការធ្វើដំណើរនៅជិតដល់ថ្ងៃឈប់សម្រាក និងនៅឆ្ងាយពីការប្រមូលផ្តុំគ្នា ឬចៀសវាងពិធីមង្គលការ៕