នៅព្រឹកថ្ងៃទី១១មករានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងថ្មីជាពលរកមក ពីប្រទេសថៃម្នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន៣នាក់ ដែលក្នុងនោះម្នាក់ជាភរិយាលោក ឆែម សាវុធ ប្រធាននាយកដ្ឋានពន្ធនៃក្រសួងមហាផ្ទៃ ខណៈលោកស្រីគឺជាអ្នកជំងឺកូវីដនៅសល់ចុងក្រោយគេពីព្រឹត្តការណ៍ឆ្លង២៨វិច្ឆិកាដែលបានព្យាបាលជាសះស្បើយពីកូវីដ១៩។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងថ្មីដែលប្រកាសនៅថ្ងៃនេះ មាន​២៨ឆ្នាំ រស់នៅខេត្តបាត់ដំបង និងបានចេញពីប្រទេសថៃមកដល់កម្ពុជាតាំងពីថ្ងៃទី៨មករា ដែលបានធ្វើឱ្យពលករមកពីថៃទាំងអស់ឆ្លងកូវីដកើនដល់២៧នាក់ ហើយ​បើ​គិតជាអ្នកឆ្លងសរុបទាំងអស់តាំងពីខែមករាឆ្នាំ២០២០ គឺមានចំនួន៣៩២នាក់ ក្នុងនោះមានជាសះស្បើយកើនដល់៣៧៤នាក់ និងអ្នកជំងឺនៅសល់ក្នុងមន្ទីរពេទ្យមានចំនួន​១៨នាក់។

ចំណែកអ្នកជាសះស្បើយ៣នាក់ថ្មីដែលត្រូវបានប្រកាសនៅថ្ងៃនេះ គឺមានពីរនាក់ជាស្រ្ដីពលករឆ្លងកូវីដមកពីប្រទេសថៃ និងម្នាក់ទៀតគឺស្រ្ដីអាយុ៥៦ឆ្នាំ ត្រូវជាភរិយាលោក ឆែម សាវុធ ប្រធាននាយកដ្ឋានពន្ធនាគារ និងមានអាសយដ្ឋាននៅផ្លូវ៦០ម៉ែត្រ ដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរនិងសូវៀត បន្ទាប់ពីធ្វើតេស្ដអវិជ្ជមានចំនួន២ដង។



លោកស្រីគឺជាអ្នករកឃើញឆ្លងមុនដំបូងគេនៅក្នុងព្រឹត្តការណ៍២៨វិច្ឆិកា ដែលមានអ្នកឆ្លងសរុបចំនួន៤១នាក់ ហើយលោកស្រីក៏ជាអ្នកព្យាបាលជាសះស្បើយចុងក្រោយគេ។

រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលមិនទាន់រកឃើញប្រភពនាំឱ្យមានការចម្លង​សហ​គមន៍នៅថ្ងៃទី២៨វិច្ឆិកានៅឡើយទេ ដោយគ្រាន់តែសន្និដ្ឋានថា វាអាចបណ្ដាលមកពីការអនុញ្ញាតឱ្យអ្នកដំណើរជនបរទេសដែលជាអ្នកជំនាញការបច្ចេកទេសឬនិងអ្នកវិនិ​យោគ ធ្វើចត្តាឡីស័កតែ២ថ្ងៃ ហើយអ្នកទាំងនោះអាចចេញរោគសញ្ញាក្រោយពីចេញពីការធ្វើចត្តាឡីស័ក និងបានចម្លងទៅដល់ក្រុមគ្រួសារលោក ឆែ​ម សាវុធ មុនគេ៕