ពោធិ៍សាត់៖ បុរសម្នាក់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាល ជាប់មងដែលខ្លួនបានដាក់រកត្រី​ក្នុងស្ទឹងមេទឹក​។ ហេតុការណ៍​នេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម​ កាលពីថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។

ប្រជាពលរដ្ឋឈ្មោះ មឿន​ មីន​ ភេទប្រុស​ បានថ្លែងឲ្យដឹងថា​ កាលពីល្ងាចម្សិលមិញ​ រូបលោកបានទៅរាយមងរកត្រី​ នៅចំណុចកើតហេតុខាងលើ​ រួចក៏ទៅសម្រាកនៅផ្ទះបាត់​។ ពេលព្រឹកឡើង​ រូបគាត់ក៏ភ្ញាក់ពីដំណេក​ ទៅដោះមង​ ភ្លាមនោះ​ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមានសភាពរើបម្រាស់ខ្លាំង​ ក៏លើកទាញឡើងប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល​ ទម្ងន់ប្រហែលជាង១០០គីឡូតែម្តង។ បន្ទាប់មកលោក បានរាយការណ៍មកសមត្ថកិច្ច​ ឲ្យជួយអន្តរាគមន៍​ លើកក្រពើរមួយក្បាលនោះមក។

បុរសរូបនេះ បានឲ្យដឹងទៀតថា​ តាំងពីលោកប្រកបរបរដាក់មងរកត្រី​ នៅចំណុចស្ទឹងខាងលើ​ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ​ តែធ្លាប់តែលឺតៗគ្នាថា​ ស្ទឹងមេទឹកមានធនធានជីវចម្រុះជាច្រើន​ រាប់ទាំងសត្វក្រពើរ​ ត្រី​ កន្ទាយ ផងដែរ។

បច្ចុប្បន្ន​សត្វក្រពើនេះ​ ត្រូវបានដឹកយកមករក្សាទុក​ នៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥​ រងចាំបញ្ជាពីថ្នាក់លើ។ ពុំទាន់មានការសន្និដ្ឋានឲ្យដឹងនៅឡើយទេថា​ សត្វក្រពើនេះ​ ជាសត្វក្រពើធម្មជាតិ​រស់នៅក្នុងស្ទឹងនោះ​ ឬក៏រួចមកពីណាទេ?

ប្រភព៖ ហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ៉ារីទ្ធ