ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំពិព័រណ៍ផលិតផលខ្មែរ ដើម្បីជំរុញឲ្យប្រជាជននាំ​គ្នាទិញផលិតផលដែលផលិតដោយសហគ្រិនខ្មែរ កាន់តែច្រើនឡើង។ ពិព័រណ៍ផលិតផលខ្មែរ ដ៏ធំលើកទី ១ នេះ ធ្វើឡើង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨។

ផលិតផលខ្មែររាប់រយមុខ ដែលផលិតដោយសហគ្រិនខ្មែរ ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការរៀបចំឡើងពីក្រសួងពាណិជ្ជកម្ម។ ថ្ងៃទី ២១ ខែតុលានេះ ជាថ្ងៃចុក្រោយនៃពិព័រណ៌ផលិតផលខ្មែរនេះហើយ។

តាមការអង្កេត និងការឲ្យដឹងពីអាជីវករ ដែលដាក់បង្ហាញនូវផលិតផលរបស់ខ្លួន អស់រយៈពេលបីថ្ងៃមកនេះ ចំនួនអ្នកទស្សនាពិព័រណ៍នេះ ហាក់នៅមាន​កម្រិតតិចនៅឡើយ។ អាជីវករទាំងនោះ និយាយស្រដៀងគ្នាថា ប្រជាជនខ្មែរ ហាក់បីដូចជា មិនសូវចាប់អារម្មណ៍ និងឲ្យតម្លៃផលិតខ្មែរប៉ុន្មាននោះទេ បើប្រៀបធៀបនឹងផលិតផលរបស់បរទេស។ ពួកគេ បញ្ជាក់ថា កន្លងមកការ​តាំងពិព័រណ៍ផលិតផលបរទេស ដូចជា ថៃ និង វៀតណាម ជាដើម ប្រជាជនខ្មែរ តែងមកទស្សនា និងទិញផលិតផលប្រទេសទាំងនោះច្រើនណាស់។

យ៉ាងណាក្រុមអាជីវករខ្មែរ នៅតែមានសង្ឃឹមថា ថ្ងៃណាមួួយប្រជាជនខ្មែរ នឹងកាន់តែយល់ពីតម្លៃ និងនាំគ្នាទិញផលិតដែលផលិតដោយប្រទេសរបស់ខ្លួនវិញ នៅពេលដែលមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងគុណភាព​ផលិតផល​របស់យើងកាន់តែល្អ៕