តួលេខចុងក្រោយបង្ហាញថា គ្រោះទឹកជំនន់ទឹកភ្លៀងនិងគ្រោះទឹកជំនន់ទន្លេមេគង្គ ដែលកើតឡើងតាំងពីពាក់កណ្ដាលខែកក្កដាហើយគិតមកដល់ពេលនេះ គឺបានធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់នៅទូទាំងប្រទេស កើនដល់ជាង១សែន៣ម៉ឺនគ្រួសារ។

មន្រ្តីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍កាលពីថ្ងៃទី២៤ កញ្ញា ថា សម្រាប់ពលរដ្ឋ ដែលត្រូបានវជម្លៀសគេចចេញពីទឹកជំនន់មានជាង១ម៉ឺន១ពាន់គ្រួសារ និងមានអ្នកស្លាប់ចំនួន៦១នាក់ និងអ្នករងរបួសដោយសារបាក់ផ្ទះនិងពស់ចឹកមានចំនួន១២៣នាក់។

លោកបន្តថា ទោះជាយ៉ាងណាក៏ដោយមកដល់ពេលនេះ ទឹកជំនន់នៅតាមបណ្ដារខេត្តមួយចំនួនបានចាប់ផ្ដើមស្រកចុះ ហើយការស្រកចុះនេះ នឹងមិនអាចឡើងសារជាថ្មីឡើយនៅក្នុងឆ្នាំ២០១៨។បើតាមអ្នកនាំពាក្យដដែល ខាងក្រសួងជំនាញបានចាប់ផ្ដើមចុះទៅវាយតម្លៃដើម្បីត្រៀមស្ថាបនាឡើងវិញ ចំពោះហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវនិងស្ពាន ដែលត្រូវបានបាក់ឬកាត់ផ្ដាច់ដោយទឹកជំនន់កន្លងមកនេះ៕