ប្រជាពលរដ្ឋប្រមាណ ១៩ ២៥១នាក់ នៅក្នុងក្រុង និងស្រុកចំនួន៥នៃខេត្តព្រៃវែង បានប្រើប្រាស់បង្គន់អនាម័យ ដោយបញ្ឈប់ការបន្ទោសបង់ពាសវាល​ពាសកាលទាំង​ស្រុង។

ក្រុងព្រៃ និងស្រុកទាំង៥ដែលប្រកាសបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនោះ រួមមាន ស្រុកស្វាយអន្ទរ    ស្រុកកំចាយមារ ស្រុកមេសាង ស្រុកបាភ្នំ និងស្រុក​កំពង់ត្របែក។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើក​ឡើងកាលពីថ្ងៃពុធថា «ព្រៃវែងជាខេត្តមួយក្នុងចំណោមខេត្តគោលដៅផ្សេងទៀត ដែលមានចក្ខុវិស័យក្លាយជាខេត្តបញ្ឈប់បន្ទោបង់ពាលវាលពាសកាលទាំងស្រុងនៅឆ្នាំ ២០២៣ ស្របតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាព​ជាតិរបស់ក្រសួងអ​ភិវ​ឌ្ឍន៍ជន​បទឆ្នាំ ២០១៩ -២០២៣»។



នេះគឺជាមោទនភាពរបស់ខេត្តព្រៃវែងក្នុងការលើកកម្ពស់បញ្ហាអនាម័យប្រជាពលរដ្ឋរបស់ខ្លួន ពិសេសជំរុញកំណើនបង្គន់អនាម័យស្របតាម​ផែនការរបស់ក្រសួងអភិវឌ្ឍន៍​ជនបទ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននា​យកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

លោកវេជ្ជបណ្ឌិត លន់ សាយតេង បានបន្ថែមថា «ខ្ញុំសប្បាយចិត្តនៅពេលដែល​ឃើញខេត្តព្រៃវែង​ទទួលបានជោគជ័យលឿនបែប​នេះ។ ខ្ញុំជឿថា ផែនការ​ទាំងអស់នេះនឹងអាចសម្រេចបាននៅត្រឹមឆ្នាំ ២០២៣ ខាងមុខ»

សូមបញ្ជាក់ថា ក្រុង និងស្រុកទាំងប្រាំ ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាស​កាលនេះ មានប្រជាជនសរុបទាំងអស់ ១៩ ២៥១នាក់ បានប្រើប្រាស់ បង្គន់អនាម័យ។  ក្រុងព្រៃវែងមានគ្រួសារសរុប ៦០៨៣ គ្រួសារ មានបង្គន់សរុបចំនួន ៥០៥៦ និងមានបង្គន់រួមចំនួន ១៦៣ បង្គន់អនាម័យ៕