ភ្នំពេញ៖ ក្រុមហ៊ុន ដែលចាក់ដីលុបដៃទន្លេបាសាក់ ក្រោយផ្សារទំនើបអ៊ីអន១ នាពេល​កន្លងមក នាពេលនេះ បានកាយដីចេញពីទន្លេវិញហើយ។ ពលរដ្ឋសំដែង​ការសាទរនិងគាំទ្រចំពោះ ចំណាត់ការនេះ ដែលជា​​ការការ​​ពារធនធាន​ទន្លេ បរិស្ថាននិង សោភ័ណភាពទីក្រុង។

បន្ទាប់ពីមានការរិះគន់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងមជ្ឈដ្ឋាន​មួយចំនួនបានលើកឡើងពីការចាក់ដីលុបប្រឡាយទន្លេបាសាក់ ត្រង់ចន្លោះ​មជ្ឈ​​មណ្ឌលកោះពេជ្រ និង ផ្សារទំនើបអ៊ីអន១មក នៅពេលនេះ ក្រុមហ៊ុនបានកាយដីចេញ​ពីប្រឡាយដៃទន្លេបាសាក់វិញហើយ។​

ក្រោយពីមានការកាយដីចេញពីប្រឡាយទឹកនេះ ប្រជាពលរដ្ឋសម្តែងការគាំទ្រ និងបាន​លើកឡើងថា បឹងទន្លេធម្មជាតិ មិនគួរចាក់ដីលុបនោះទេ។

ចំពោះការចាក់ដីលុបដៃទន្លេកន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានចុះត្រួតពិនិត្យផ្ទាល់កាលពីដើមខែ មេសា ឆ្នាំ ២០១៩ និងបានអះអាងថា រដ្ឋ​បាលរាជធានីភ្នំពេញ មិនមានបំណងលុបដៃទន្លេបាសាក់ ដូចការរិះគន់របស់​អ្នកប្រើ​បណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួននោះឡើយ។ ឯកឧត្តមបន្ដថា ការចាក់ដីលុបនេះ គឺជាការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ដែលហូរចូលទន្លេ​ប៉ុណ្ណោះ ដោយ​សារតែ ដៃទន្លេបាសាក់នេះ ទទួលរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយ​ពីអគារខ្ពស់ៗ និងផ្ទះ​ប្រជាពលរដ្ឋរស់នៅសងខាងដៃទន្លេនេះ។ រដ្ឋបាលរាជធានី​ភ្នំពេញ ក៏បានសម្រេចធ្វើអាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះ ទម្លាក់​ទៅប្រឡាយបង្ហូរទឹកបឹងត្របែក។ ឯកឧត្តម បានអះអាងថា នៅពេល ​ដែល​ការដ្ឋាន​សាងសង់ ស្ថាបនាអាងចម្រោះទឹកសម្អុយរួចរាល់នោះ នឹងកាយដីដែលបាន ចាក់​នោះ​ចេញវិញ ហើយគម្រោងនេះក៏មានសង់ច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មើរជើង​ចាប់ពី​កោះពេជ្ររហូតដល់ស្ពានអាកាសក្បាលថ្នល់ផងដែរ៕

អត្ថបទ៖ ខ្មែរណាស់