ពលរដ្ឋវៀតណាមជាង៣០០គ្រួសារ ដែលរស់នៅតាមច្រាំងទន្លេមេគង្គក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រេចឯកភាពគ្នាដើម្បីអនុញ្ញាតឱ្យអាជ្ញាធរដកហូតដីច្រាំងទន្លេដែលមានទំហំប្រហែល៣ហិកតា ទុកធ្វើជាកម្ម​សិទ្ធិរបស់រដ្ឋវិញ។ ការយល់ព្រមនេះ គឺមួយថ្ងៃក្រោយពីពួកគេផ្ទុះការតវ៉ានៅថ្ងៃទី២០មករា នៅពេលក្រុមអាជ្ញាធរខណ្ឌច្បារអំពៅ បានចុះទៅបោះបង្គោលលើដីទាំងនោះដើម្បីកុំឱ្យពលរដ្ឋវៀតណាមនាំគ្នាទន្ទ្រានយកទៀត។

លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅបានប្រាប់ខ្មែរណាស់នៅថ្ងៃទី២១នេះថា អាជ្ញា​ធរបានសម្របសម្រួលជាមួយពលរដ្ឋវៀតណាមទាំងនោះ ហើយពួកគេបានឯកភាពគ្នាដោយនឹងមិនជំទាស់ចំពោះការដកហូតយកដីទាំងនោះមកទុកធ្វើជាកម្មសិទ្ធិរបស់រដ្ឋនោះទេ។ លោកបន្តថា គោលបំណងនៃការវាស់វែងធ្វើរបងលើដីនេះ គឺដើម្បីរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ជៀសវាងការទន្ទ្រានយកពីពលរដ្ឋវៀតណាមបន្តទៀត។

លោកថា៖«កន្លងមកចេះតែមានការទន្ទ្រាន ព្រោះពីមុនពួកគាត់រស់នៅផ្នែកខាងលើទេ តែយូរៗទៅពួកគាត់ចេះតែរុលចុះមកផ្នែកខាងក្រោម ហើយនៅពេលដែលយើងនិយាយគឺពិបាកស្តាប់គ្នាណាស់។ ទាល់តែយើងធ្វើរបងឃាំង បើអត់ធ្វើទេគឺពួកគាត់នៅតែទន្រ្ទានបន្ថែម»។

ទោះជាយ៉ាងណា លោក ចេង មុន្នីរ៉ា បញ្ជាក់ថា ដីនេះមិនមែនជាដីច្រាំងទន្លេទាំងអស់នោះទេ គឺមានផ្នែកខ្លះជាដីមានតាំងពីជំនន់ដើមហើយនិងស្ថិតនៅជាប់ទន្លេមេគង្គ ហើយដីចំណុចខ្លះទៀត គឺបានដុះបន្ថែមបន្តិចបន្តួចមកពីទន្លេមកវិញ។

កាលពីថ្ងៃទី២០និងទី២១នេះ សាលាខណ្ឌច្បារអំពៅបានដាក់ពង្រាយកងកម្លាំង មានទាំង​ប៉ូលីស ប៉េអឹម និងក្រុមសន្ដិសុខរាប់សិបនាក់ នៅក្នុងសហគមន៍របស់ជន​ជាតិ​វៀត​ណាមទាំង៣០០គ្រួសារនេះ ក្រោយពីពួកគេបាននាំគ្នាតវ៉ាប្រឆាំងមិនឱ្យអាជ្ញាធរចូលទៅបោះបង្គោកដកហូតយកដីទាំងនោះ។



ក្រុមពលរដ្ឋវៀតណាមទាំងនេះ គឺបានសាងសង់ផ្ទះសម្រាប់រស់នៅក្បែរទន្លេ ដែលផ្ទះខ្លះ​សង់​ពីថ្មខ្ពស់ច្រើនជាន់ និងខ្លះទៀតជាផ្ទះឈើ។ ពួកគេអះអាងថា ដីដែលអាជ្ញាធរចង់ដកហូតនោះ គឺខ្លះជាដីទើបដុះចេញពីទន្លេហើយពួកគេបានបូមខ្សាច់ចាក់បំពេញបន្ថែម សម្រាប់ធ្វើជាតារាបាល់ឱ្យក្មេងៗវៀតណាមលេង និងដីខ្លះប៉ះចំដីលំនៅឋានរបស់ពួកគេ។

លោក យ៉ តាន់ ដែលអះអាងថាជាប្រធានភូមិរបស់ក្រុមជនជាតិវៀតណាមទាំងនេះបាននិយាយថា ដំបូងឡើយក្រុមពួកលោកមិនឯកភាពចំពោះការដកហូតដីទាំងនេះទេ ដោយ​សារក្រុមពលរដ្ឋវៀតណាមខ្លះមិនមានកន្លែងរស់នៅសមរម្យ ពីព្រោះមានគ្រួសារខ្លះបានរស់នៅ៣ទៅ៤គ្រួសាររួមគ្នា។

លោកបន្តថា បន្ទាប់មក ក្រុមពលរដ្ឋរបស់លោកក៏សម្រេចដោយឯកភាពទាំងអស់គ្នា ដើម្បី​គោរពតាមចំណាត់ការរបស់អាជ្ញាធរវិញ ក្រោយពីខាងគណៈកម្មាធិកាវិហារសាសនាគ្រឹះប្រចាំសហគមន៍វៀតណាមនេះ បានចុះពិនិត្យនិងឱ្យពួកគាត់បំបែកគ្នានិងឈប់តវ៉ាទៀត។

លោក យ៉ តាន់ ធ្លាប់លើកឡើងនៅពេលដឹកនាំពលរដ្ឋវៀតណាមចេញតវ៉ាកាលពីថ្ងៃទី​២០​មករាថា មូលហេតុនាំឱ្យមានការតវ៉ានេះ ដោយសារលោកអះអាងថា ក្រុមពលរដ្ឋ​វៀត​ណាម​បានកាន់កាប់ដីទំហំប្រហែល៣ហិកតានេះតាំងពីឆ្នាំ១៩៨២មក  ហើយចង់ទុកដីនេះសម្រាប់បែងចែកគ្នាសង់លំនៅឋាននៅ ព្រោះចំនួនប្រជាជនរបស់ពួកគាត់កំពុង​កើន​ឡើង ហើយមិនមានដីនៅកន្លែងផ្សេងសម្រាប់សង់លំនៅឋានឡើយ៕