កាលពីថ្ងៃទី១៩កុម្ភៈ ក្រុមពលរដ្ឋបានសហការជាមួយមន្រ្តីបរិស្ថាននិងប៉ូលីសប៉ុស្ដិ៍ ចុះបង្ក្រាបបានរថយន្តដឹក៤គ្រឿង ដែលលួចដឹកឈើប្រណិតចំនួន២០ដុំធំៗចេញ​ពី​សហ​គមន៍​អណ្តូងក្រឡឹង ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ក្នុងការចុះបង្ក្រាបនេះ គឺឃាត់បានអ្នកបើកបររថយន្តចំនួន៣នាក់។

លោក សុខា ថុត ប្រធានសហគមន៍ភូមិអណ្តូងក្រឡឹងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២២កុម្ភៈនេះថា ឡានដឹកឈើនេះគឺដឹកចេញពីសហគមន៍អណ្តូងក្រឡឹង និងចាប់បាននៅប្រហែលម៉ោង១០យប់នៃថ្ងៃទី១៩កុម្ភៈ ហើយតាមឭដំណឹងពីមន្ត្រីបរិស្ថានថា អ្នកបើកបររថយន្តដឹកឈើនោះចំនួន៣នាក់ គឺមាន២នាក់ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ចប់់ និងម្នាក់ទៀតត្រូវបានពិន័យតាមច្បាប់។

លោកថា៖«ឡាន៤គ្រឿងនោះផ្ទុកឈើចំនួន២០ដុំ បើគិតជាគូបវាស្មើនឹង៩ម៉ែត្រគូបកន្លះ ដែលជាប្រភេទឈើគគីរសុទ្ធ និងមានមុខកាត់២០គុណនឹង៤០ និងខ្លះទៀតមានមុខកាត់​៣០គុណនឹង៦០។ ហើយតាមការប្រាប់របស់តៃកុងឡាន គឺគេមានខ្សែខ្នងអ្នកធំ តែយើងនៅមិនទាន់ដឹងច្បាស់នោះទេ»។ 

មកដល់ពេលនេះ ឈើដែលចាប់បាននោះត្រូវបានរក្សាទុកនៅស្នាក់ការបរិស្ថានអូរាំង និងកំពុងធ្វើការស្រាវជ្រាវរកមុខអ្នកនៅពីក្រោយការលួចដឹកឈើនេះ។



លោក សុខា ថុត បន្តថា៖«កន្លងមកខាងសហគមន៍របស់ខ្ញុំជាអ្នករាយការណ៍ទៅខាងមន្ត្រី តែបើស្នើសុំខាងអធិការស្រុក គាត់ថាឡាននេះដឹកខាងផ្លូវនេះឡើងភ្លុកទឹកភ្លុកដីហើយ តែមិនមានអ្នកណាហ៊ានចាប់ ព្រោះថាឡាននោះមានខ្នងធំ ដល់មកប៉ះជាមួយក្រុមសហគមន៍ទៅ ខ្ញុំថាខ្នងធំប៉ុណ្ណាក៏ដោយឱ្យតែល្មើសនឹងច្បាប់ព្រៃឈើ គឺពួកខ្ញុំត្រូវតែចាប់»។

លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានលើកឡើងថា លោកមិនទាន់ដឹងថាជាអ្នកណាដែលនៅពីក្រោយខ្នងរឿងដឹកឈើនេះនៅឡើយទេ ព្រោះខាងមន្ត្រីកំពុងធ្វើស្រាវជ្រាវបន្ត។

លោកថា៖«យើងឭតែឯកឧត្តមៗ តែយើងមិនដឹងថាអ្នកណា ព្រោះក្រុមការងារកំពុងធ្វើការស្រាវជ្រាវថាអ្នកណាជាអ្នកនៅពីក្រោយការដឹកឈើទាំងនេះដែរ»៕