កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ ជាមធ្យមចំណូលរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ អាចនឹងកើនឡើងស្ទើរតែ​ស្មើនឹង ១,៥០០ដុល្លារ ជាមួយអត្រាអតិផរណាទាបប្រមាណ ៣% ក្នុង១ឆ្នាំ ខណៈសេដ្ឋកិច្ចជាតិ នឹងសម្រេចបានក្នុងរង្វង់អត្រាប្រមាណ ៧,២%ឆ្នាំនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលថ្មីៗ។

ប៉ុន្តែទោះយ៉ាងណា សេចក្តីប្រកាសនេះក៏បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាអាចនឹង​ប្រឈម​​ផងដែរ នូវនិភ័យនៃកត្តាខាងក្រៅមួយចំនួន ខណៈដែលបញ្ហាប្រឈមក្នុងស្រុក កំពុងបន្តដោះស្រាយ ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញល្បឿននៃការ​ធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែឆាប់រហ័ស ។

ស្របពេល​ជំនួប​​រវាង​លោក​ឧប​នាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ជាមួយ​គណៈ​ប្រតិភូ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ានបូក៣ (ARMO) ដឹកនាំ​ដោយលោកស្រី Junhong Chang កាលពី​ថ្ងៃទី​១២ កញ្ញា កន្លងទៅ លោករដ្ឋមន្រ្តី ​បាន​ស្នើសុំ AMRO បន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា តាមរយៈការជួយបណ្តុះបណ្តាល​សេដ្ឋវិទូកម្ពុជា និងបានស្នើសុំ AMRO ពិនិត្យលទ្ធភាព បន្តជ្រើសរើសសេដ្ឋវិទូកម្ពុជា ទៅហ្វឺកហាត់ការងារនៅក្នុង AMRO បន្ថែមទៀត។

ជាការឆ្លើយតបនឹងសំណើរនេះ លោកស្រី Junhong Chang បានសន្យាយ៉ាងមុតមាំ​ក្នុងការ​បន្តគាំទ្រ និងជួយកម្ពុជាឱ្យសម្រេចគោលដៅនេះ។​ ជាមួយគ្នានេះ លោកស្រី​បាន​វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទ៖ សាវតា