បន្ទាយមានជ័យ៖ មានករណីបុរសម្នាក់មានឈ្មោះ ខា រិន អាយុ២៣ ឆ្នាំ មានស្រុកកំណើតនៅភូមិអូសឿង ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាពលករ​វិលត្រឡប់​ពីប្រទេសថៃ បានរត់គេច​ខ្លួនពីមណ្ឌលចត្តាឡីស័ក ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២៣ នេះថា ពលកររូបនោះ បានត្រឡប់មកពីប្រទេសថៃមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១  ហើយនៅថ្ងៃដដែលនោះ បុរសរូបនោះ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក បន្ទាប់ពីរូបគេត្រូវបានអជ្ញាធរខេត្តដាក់នៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ។



លោកអភិបាលរងបន្តថា មូលហេតុដែលបុរសម្នាក់នេះ បានរត់គេច ដោយមិនបន្តធ្វើចត្តាឡីស័ក ដោយសារខ្លាចម្ចាស់បំណុលមកទារ រឿងបំណុល ដែលជំពាក់គេ ហើយមិនអាចមានលទ្ធភាពសងម្ចាស់បំណុលវិញ។ « មកទល់ពេលនេះយើងមិនទាន់រកបុរសម្នាក់ឃើញនៅឡើយទេ អជ្ញាធរបានទៅដល់ផ្ទះរបស់គេហើយ តែមិនឃើញនណាម្នាក់នោះទេ ហើយឥលូវនេះអជ្ញាធរកំពុងស្វែងរកគាត់នៅតាមផ្ទះសាច់ញាតិរបស់គេ » ។ នេះជាការបញ្ជាក់របស់លោក លី សារី។

លោកអភិបាលខេត្តរងខាងលើ ក៏ឲ្យដឹងទៀតថា អជ្ញាធរខេត្តមិនទាន់បានធ្វើតេស្តរកមេរោគកូវីដ១៩លើកទី២ និង៣ នៅឡើយ ដោយមិនដឹងថា គាត់មានវិជ្ជាមានមេរោគកូវីដ១៩ បន្ទាប់ពីបានធ្វើតេស្តលើកទី១ អវិជ្ជាមាន ។ លោកថា នៅពេលដែលរកឃើញបុរសដែលរត់ចេញពីមណ្ឌលចត្តាឡីស័កពេលណាមួយនោះ  អាជ្ញាធរខេត្ត នឹងមិនដាក់ពិន័យណាមួយអំពើរការល្មើសទៅនិងវិធានចត្តាឡីស័កនោះឡើយ។ លោក បញ្ជាក់យ៉ាងនេះថា៖« គាត់ជាជនរងគ្រោះដែលមានបន្ទុកលំបាកពេលនេះ បើយើងព្រមានដាក់ពិន័យទៀត មិនសមនោះទេ ហើយអជ្ញាធរខេត្ត ក៏ពុំទាន់អនុវត្តគោលការតឹងរឹងដូច្នេះដែរ » ៕