ផ្សារចុងសប្ដាហ៍ខេត្តកំពង់ចាម

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានរៀបចំផ្សារចុងសប្ដាហ៍ដែលបានដំណើរការចាប់ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមតាមបណ្តោយមាត់ទន្លេ។

តាមការផ្សព្វផ្សាយរបស់មន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០នេះ ក្នុងផ្សារមានលក់បន្លែសុវត្តិភាពនិងសេរីរាង្គផ្លែឈើដែលដាំដុះដោយក្រុមកសិករក្នុងខេត្តមានដូចជា មាន់ស្រែ អង្ករ ម្សៅដំឡូងមី និងផលិតផលកសិកម្ម កែច្នៃដោយសិប្បករក្នុងខេត្តជាច្រើនមុខទៀត។



ផ្សារនេះបង្កើតឡើង ដើម្បីផ្សព្វផ្សាយពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញ សហគ្រាសនានា ដែលគាំទ្រដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ដែលអាចជួយដល់ក្រុមកសិករផលិតចាប់ដៃគូរអាជីវកម្ម ជាមួយអ្នកប្រមូលទិញធំៗក្នុងតំបន់ និងក្រៅតំបន់ ក្នុងគោលបំណងឆ្លើយតប តាមតម្រូវការទីផ្សារ និងបង្កើនផលិតភាព និងផលិតកម្ម ព្រមទាំងបង្កើតភាពអង់អាចដល់កសិករក្នុងវិស័យកសិពាណិជ្ជកម្ម និងជម្រុញឲ្យមានប្រជាជនគាំទ្រផលិតផលខ្មែរឲ្យបានកាន់តែច្រើនជាអតិបរិមា។

សូមជម្រាបថា តាមរយៈផ្សារចុងសប្តាហ៍នេះបានជួយឲ្យកសិករ ផលិតករ បានផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ព្រមទាំងបានជំរុញលើកទឹកចិត្តដល់អ្នកផលិត ក្នុងការជំរុញផលិតកម្មកសិកម្ម បង្កើនផលិតភាព និងគុណភាពផលិតកម្មស្របតាមតម្រូវការទីផ្សារ៕