អ្នកស្រី សាយ សុម៉ាលី

«ផ្សារសហគមន៍ខ្មែរ មានលក់កសិផលសុវត្ថិភាព ធម្មជាតិ របស់កសិករខ្មែរ»។ នេះពាក្យដែលមាននៅលើផ្ទាំងផ្សព្វផ្សាយនៃផ្សារសហគមន៍ខ្មែរ។ ផ្សារនេះ កំពុងជួយផ្នែកទីផ្សារ និងផ្តល់ឱកាសដល់កសិករ អាចឲ្យរកចំណូលចូលគ្រួសារ ដោយកាត់បន្ថយការធ្វើចំណាកស្រុក។ 

អ្នកស្រី សយ សុម៉ាលី ស្ថាបនិកផ្សារសហគមន៍ខ្មែរ បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ផ្សារនេះ បានបង្កើតឡើងនៅចុងឆ្នាំ ២០១៥ ក្នុងគោលបំណង ដើម្បី ផ្តល់និងលើកទឹកចិត្តពលរដ្ឋក្រីក្រ  តាមសហគមន៍ឲ្យទទួលបានប្រាក់ចំណូល តាមរយៈវិស័យកសិកម្ម ដូចជាដាំបន្លែនិងកសិផលផ្សេងៗជាដើម។ « ជាងនេះទៀត ការបង្កើតផ្សារសហគមន៍ខ្មែរ ក៏ក្នុងគោលបំណងបណ្តុះបណ្តាលនិងពង្រឹងផ្នែកដាំដុះ តាមរយៈការសហការជាមួយអង្កការដៃគូនិងអជ្ញាធរពាក់ព័ន្ធ ឲ្យពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុគីមីនៅលើចំណីអាហារជាពិសេសបន្លែ​ ហើយផ្សារនេះក៏ជួយដល់និស្សិតស្រ្តីក្រីក្រដែលមកបន្តរកាសិក្សាក្នុងទីក្រុងភ្នំពេញដែរ»។ នេះជាការបន្ថែមរបស់អ្នកស្រី សយ សុម៉ាលី។ 

បើតាមអ្នកស្រីស្ថាបនិកខាងលើ ផ្សារសហគមន៍ខ្មែរ ប្រកាន់គោលការណ៍ ដោយទទួលទិញតែកសិផលពីពលរដ្ឋសហគមន៍តែប៉ុណ្ណោះ មិនមានតាំងលក់ ផលិតផលកែច្នៃពីរោងចក្រ សិប្បកម្ម ឬផលិតផលនាំចូលនោះទេ។ អ្នកស្រី ពន្យល់យ៉ាងនេះថា៖«ព្រោះយើងចង់លើកទឹកចិត្តដល់ពលរដ្ឋក្រីក្រដែលជួបការលំបាក មិនទទួលបានប្រាក់ចំណូលជាក់ស្តែង ការលក់ទំនិញអាជីវកម្ម គេមិនសូវខ្វល់ពីបញ្ហាពលរដ្ឋតូចតាចទេ គឺអ្វីដែលសំខាន់គេត្រូវការទំនិញសម្រាប់លក់។ ដូច្នេះពលរដ្ឋក្រីក្រនៅតាមសហគមន៍ គាត់នៅតែមិនអាចរកប្រាក់ចំណូលចិញ្ចឹមជីវិត ហើយលទ្ធផល គឺចំណាកស្រុក»។

ទន្ទឹមនឹងនេះ អ្នកស្រី សុម៉ាលី អះអាងប្រាប់ខ្មែរណាស់ទៀតថា ផ្សារសហគមន៍ខ្មែរ តែងជ្រើសរើសយកផលិតផលពីសហគមន៍ទាំងបន្លែផ្លែឈើ និងកសិផលផ្សេងៗដែលដាំដុះដោយប្រជាពលរដ្ឋ សហគមន៍មិនប្រើប្រាស់ថ្នាំពុលឬជីគីមីធ្វើអោយប៉ះពាល់សុខភាពឡើយ៕

សូមលោកអ្នកនាង រង់ចាំអានអត្ថបទបន្តទាក់ទងនឹងផ្សារសហគមន៍ខ្មែរពិស្តារ ដែលជួយកសិករនៅពេលក្រោយ។