ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យមួយចំនួននៅសហរដ្ឋអាមេរិក កំពុងស្វែងរកជួលមនុស្សចំនួន១ពាន់នាក់ ឱ្យបរិភោគផ្លែបឺរជារាល់ថ្ងៃក្នុងរយៈពេលពេញ៦ខែ​​ ​ដើម្បីស្វែងរកការពិត ថាតើផ្លែបឺរពិតជាមានប្រសិទ្ធភាពអាចជួយសម្រកទម្ងន់បានឬយ៉ាងណា។

ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ផ្លែបឺរគឺជាប្រភពផ្លែឈើសម្បូរទៅដោយសារជាតិជួយធ្វើឱ្យបេះដូងមានសុខភាពល្អ ដែលអាចជួយទៅដល់សរសៃឈាម។

អ្នកជំនាញស្រាវជ្រាវពីសាកលវិទ្យាល័យក្នុងរដ្ឋភែនស៊ីលវេនញ៉ា(Pennsylvania ) បាននិយាយថា គម្រោងតាមដានទៅលើមនុស្សដែលបរិភោគផ្លែបឺរប្រចាំថ្ងៃរយៈពេល៦ខែនេះ មិនមែនគ្រាន់តែពិនិត្យទៅលើផលប៉ះពាល់នៃការដុះក្បាលពោះរបស់មនុស្សឡើយ ប៉ុន្តែក៏តាមដានទៅលើផលចំណេញដល់សុខភាព ពាក់ព័ន្ធនឹងជំងឺកាចសាហាវក្នុងសរសៃឈាមបេះដូងផងដែរ។

ពួកគេក៏បញ្ជាក់ថា នឹងមានរបាយការណ៍វាយតម្លៃមួយនៅពេលខាងមុខ បន្ទាប់ពីបញ្ចប់ការសិក្សាស្រាវជ្រាវលើផ្លែបឺរនេះ៕

ប្រភព៖ CNN