មានការរកឃើញថ្មីថា ការផឹកកាហ្វេបីទៅបួនកែវជាប្រចាំថ្ងៃ បានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងជួយធ្វើឱ្យមានអាយុវែងថែមទៀត។

នៅក្នុងការសិក្សាតាមរយៈការអង្កេតចុងក្រោយមួយបានបង្ហាញថា ក្នុងចំណោមមនុស្សប្រហែល២ម៉ឺននាក់ ដែលបានផឹកកាហ្វេយ៉ាងហោចណាស់ចំនួន៤កែវក្នុងមួយថ្ងៃ គឺបានធ្វើឱ្យហានិភ័យរបស់ពួកគេធ្លាក់ចុះចំនួន៦៤%ទៅនឹងជំងឺស្លាប់មុនអាយុ បើប្រៀបធៀបទៅអ្នកដែលមិនបានផឹកកាហ្វេទាល់តែសោះ។

លើសពីនេះ ការផឹកកាហ្វេក៏ជួយកាត់បន្ថយការប្រឈមទៅនឹងជំងឺជាច្រើនទៀត ដូចជាទប់ស្កាត់ជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ ជំងឺថ្លើម ជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកស្បែកជាដើម។

លោក Joe DeRupo អ្នកនាំពាក្យសមាគមកាហ្វេជាតិសហរដ្ឋអាមេរិកបាននិយាយថា នៅក្នុងគ្រាប់កាហ្វេមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលក្រុមអ្នកវិទ្យាសាស្រ្ដរកឃើញថា ជាសារជាតិមានផលវិជ្ជមានក្នុងការទប់ស្កាត់ប្រភេទជំងឺជាច្រើន។

ទោះជាយ៉ាងណា អ្នកជំនាញបានអំពាវនាវ ចំពោះអ្នកមានជំងឺបេះដូង និងស្រ្ដីមានផ្ទៃពោះហើយមិនចង់ឱ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក គួរតែកាត់បន្ថយការផឹកកាហ្វេកុំឱ្យលើស២០០ក្រាមក្នុងមួយថ្ងៃ៕

ប្រភព៖ CNN