គណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ ហៅកាត់ថា ICO និង​រដ្ឋាភិបាល​ជប៉ុន នៅថ្ងៃអង្គារ ទី ២៤ខែមីនា ឆ្នាំ ២០២០ បាន​ប្រកា​សជាផ្លូវការ​សម្រេចលើកពេល​ការប្រកួត​កីឡាអូឡាំពិក​រដូវក្តៅឆ្នាំ ២០២០ ទៅធ្វើនៅរដូវក្តៅឆ្នាំ ២០២១វិញ។ ជាការ​សម្រេចលើកពេល នៅក្នុង​បរិបទដែលពិភពលោក​ កំពុងតែប្រឈមនឹងវិបត្តិកូវីដ ១៩ ដែល​មើល​ទៅក៏គ្មាន​ប្រទេសណាមួយ អាចគាំទ្រ​ចំពោះគម្រោង​​រៀបចំព្រឹត្តិការណ៍នេះ នៅថ្ងៃទី ២៤ខែកក្កដា ឆ្នាំ ២០២០ដែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍រួម ថ្នាក់ដឹកនាំ​ជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​អះអាង​ថា គេត្រូវ​លើកពេល​ការប្រកួត​កីឡាអូឡាំពិក ដើម្បីការពារសុវត្ថិភាព សុខភាពរបស់​អត្តពលិក អ្នកចូលរួម នៅក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក និង​សហគមន៍​អន្តរជាតិ​ទាំងមូល។

ដូច្នេះ​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ និង​រដ្ឋាភិបាល​ជប៉ុន​ពេលនេះ គឺ​ត្រូវបាន​ទទួល​ការ​ស្វាគមន៍ពីមជ្ឈដ្ឋាន​ជាច្រើន។ ប៉ុន្តែ​តើ​សម្រេចចិត្ត​នេះ ពិតជាជះឥទ្ធិពល​ខ្លាំងបំផុត ដល់ប្រទេសជប៉ុន និង​ប្រជាជន​ជប៉ុន ដែលជាម្ចាស់ផ្ទះ?

ផល​ប៉ះពាល់​ ប្រាកដ​ជា​ចៀសមិន​ផុត​នោះទេ! ហើយ​ជាពិសេស ការពន្យាពេល​នេះ គឺរឿងសោកសៅបំផុត​សម្រាប់​ប្រជាជន​ជប៉ុន ដែលធ្លាប់​មានមោទនភាព​បំផុត ក្នុងការដែលប្រទេស​បានទទួល​សិទ្ធិ​ធ្វើជាម្ចាស់ផ្ទះ ការប្រកួត​កីឡាអូឡាំពិក។ ទីក្រុង​តូក្យូ បាន​ត្រៀម​ខ្លួន ៧ឆ្នាំមក​ហើយ និងបាន​ចំណាយ​ថវិកាប្រមាណជាង ១២ពាន់លាន​ដុល្លារ ដើម្បី​ត្រៀម​រៀបចំព្រឹត្តិការណ៍សំខាន់នេះ។

នៅពេល​ដែល​ព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវផ្អាកបែបនេះ ជប៉ុន​នឹង​ត្រូវខាតបង់​ថវិកាជាង ៦ពាន់​លានដុល្លារ។ ហើយគេ​ក៏​នៅមិនទាន់​ដឹងទេថា តើ​ជប៉ុន​អាចប្រមូល​ដើម​មក​វិញ​បា​ន​ដែរ ឬ ទេ។ ក្រុមហ៊ុន​ឧបត្ថម្ភ​កម្មវិធី ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​នានា ដែល​ត្រៀម​ចិត្ត​ទទួលបានការ​ចំណេញ​ ពីការផ្សាយ​ពាណិជ្ជកម្ម ក្នុង​ព្រឹត្តិការណ៍កីឡានេះ ក៏​ប្រាកដជា​មិន​ត្រឹមតែមិន​ចំណេញទេ តែក៏ខាតផងដែរ។

គួរជម្រាបជូនថា តាំងពីសម័យ​សង្គ្រាម​លោក​លើកទី ២មក នេះគឺជាលើកទី ១ហើយ ដែល​ការប្រកួត​កីឡាអូឡាំពិក ត្រូវប្រកាស​លើកពេល នៅក្នុងសម័យ​កាលសន្តិភាពបែនេះ។ កាលពីពេលកន្លងមក ទោះបីមានការគំរាមកំហែង​ភេរវកម្ម ឬ ពហិការ​របស់​ប្រទេសមួយចំនួន ដោយសារ​ហេតុផល​នយោបាយ​ក្តី ក៏ការប្រកួត​កីឡាអូឡាំពិក នៅតែរក្សា​ការ​រៀបចំដែរ៕