អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃអង្គារ​ទី​២២​កញ្ញា បាន​ទទូច​ឱ្យ​ពិភព​លោក ទប់ស្កាត់កុំឱ្យមានសង្គ្រាមត្រជាក់កើតឡើង​រវាង​សហ​រដ្ឋ​អាមេរិកនិងចិន ទើបអាច​ផ្តោត​លើ​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ១៩បាន។

លោក Guterres បានថ្លែងបែបនេះនៅពេលប្រកាសបើកមហាសន្និបាតអង្គការ​សហ​ប្រជា​ជាតិ​តាម​ប្រព័ន្ធ​វី​ដេ​អូ​ថា​៖«យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ចៀសកុំឱ្យមាន​សង្គ្រាម​ត្រជាក់ថ្មីកើតឡើង។ ពួកយើងកំពុងធ្វើដំណើរ​ទៅ​ទិសដៅដ៏គ្រោះថ្នាក់មួយ ហើយពិភពលោកនឹងមិនអាចមានអនាគតមួយទេ ប្រសិនបើប្រទេសមាន​សេដ្ឋ​កិច្ច​ធំ​បំផុត​ទាំងពីរ បានបំបែកបំបាក់ពិភពលោកនៅក្នុងការប្រះស្រាំងដ៏ធំបំផុត»។

ការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ ស្របពេល​ភាព​តាន​តឹង​បាន​កើន​​ឡើង​ជា​បន្ត​បន្ទាប់ រវាងសហរដ្ឋអាមេរិកនិងចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្តីបន្ទោសទីក្រុង​ប៉េកាំង​ចំពោះ​ការធ្វើឱ្យមានជំងឺរាតត្បាតកូវីដ ស្របពេលជំងឺនេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ ៩៥០ ០០០ នាក់រស់នៅជុំវិញពិភពលោក។



លោក Antonio Guterres ក៏បានធ្វើយុទ្ធនាការដើម្បីបញ្ចប់ជម្លោះហិង្សាទាំងអស់ ខណៈ​ពេលពិភពលោកកំពុង​ផ្តោត​លើ​ការបញ្ឈប់ជំងឺឆ្លងកូវីដ។ លោក​បាន​លើក​ឡើង​អំពី​ភាពជោគជ័យមួយចំនួន ដែលរួមមានទាំងបទឈប់​បាញ់ដែលបានប្រកាស​នៅ​ក្នុង​ប្រទេស​កាមេរូននិងកូឡុំប៊ី៕