គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីក្រពតមួយប្រភេទ ដែលមានផ្ទុកសារធាតុពុល ដែលមានឈ្មោះថា ត្រីក្រពត កូសាំងស៊ីន (Pao cochinchinensis)។

ត្រីក្រពត កូសាំងស៊ីន គឺជាប្រភេទត្រីក្រពតទឹកសាបមួយ ក្នុងចំណោមប្រាំប្រភេទផ្សេងទៀត ដែលមានសារធាតុពុល។ ត្រីក្រពតកូសាំងស៊ីននេះ វារស់នៅក្នុងទន្លេមេគង្គ នឹងត្រូវបានស្រាវជ្រាវរកឃើញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ ត្រីក្រពតប្រភេទនេះ មានប្រវែងដងខ្លួនអតិបរមា ១៣.៥ ស.ម ភ្នែកក្រហម ក្តោងច្រមុះខ្លី ព្រុយខ្នងមានចំនួន ១២-១៤ ទ្រនុង ព្រុយគូទមានចំនួន ១០-១១ ទ្រនុង ឯចំណុចក្រហមនៅក្រោមព្រុយខ្នងនឹងប្រែជាខ្មៅពេលធំពេញវ័យ។

ត្រីក្រពតកូសាំងស៊ីន ច្រឹបស៊ីស្រកី និងព្រុយត្រីផ្សេងៗជាអាហារ ជួនកាលក៏អាចច្រឹបមនុស្សផងដែរបើវាបានជួប។ យោងតាមឯកសារស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានរកឃើញថា នៅប្រទេសកម្ពុជា មានត្រីក្រពតចំនួន១០ប្រភេទផ្សេងគ្នា ក្នុងនោះត្រីក្រពត ៥ប្រភេទ មានសារធាតុពុល។

សារធាតុពុលនោះ មានឈ្មោះថា Tetrodotoxins គឺជាប្រភេទសារធាតុពុលខ្លាំង វាយប្រហារទៅលើប្រព័ន្ធសរសៃប្រសាទ។ សារធាតុពុលនេះ វាប្រែប្រួលទៅតាមរដូវកាល ហើយក៏មានកម្រិតខុសគ្នាដែរ។នៅរដូវពង-កូន ចាប់ពីខែកុម្ភៈ ដល់ខែកញ្ញា សារធាតុពុល Tetrodotoxins នេះមានកម្រិតខ្ពស់បំផុត។ ពង និងស្ពែម មានផ្ទុកសារធាតុពុលខ្ពស់ជាងគេ ក្នុងចំណោមផ្នែកផ្សេងៗទៀត នៃសព៌ាង្គកាយរបស់ត្រីក្រពតទាំងមូល បន្ទាប់មក ថ្លើម ពោះវៀន ស្បែក និងសាច់។

សារធាតុពុល Tetrodotoxins នេះមិនរលាយដោយសារការចម្អិនទេ។ អាការៈនៃការពុលត្រីក្រពតមានដូចជា៖ ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុងដៃជើង រាគរូស ក្អួតចង្អោរ ឬ អាចបណ្តាលឲ្យស្លាប់តែម្តង។ ដើម្បីជៀសវាងការពុលត្រីក្រពត សូមមេត្តាពិនិត្យប្រភេទត្រីឲ្យបានច្បាស់លាស់មុនសិន ឬក៏កុំបរិភោគគ្រឿងក្នុង និងស្បែក ដើម្បីជៀសវាងប៉ះចំត្រីក្រពតដែលមានសារធាតុពុល។ (អត្ថបទដកស្រង់ចេញពីអម្បូរក្រពតនៅព្រះរាជាណាចក្រកម្ពុជា នៃទស្សនាវដ្តីជលផលកម្ពុជា)។

អត្ថបទដោយ៖ ឈុត ឈាណា USAID / Wonders of the Mekong។ រូបភាព៖ ថាច់ ផាណារ៉ា http://ffish.asia

ផ្តល់សិទ្ធិដោយ៖ Wonders of the Mekong