ផ្លែស្វាយគឺជាឃ្លាំងផ្ទុកទៅដោយសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយទៅដល់សុខភាព ព្រោះការបរិភោគផ្លែស្វាយ គឺជួយដល់ការរំលាយអាហារ រក្សាសុខភាពស្បែកនិងសក់ ជួយឱ្យស្រកទម្ងន់ និងការពារភ្នែក។

ការសិក្សាតាមផ្នែកវេជ្ជសាស្រ្ដបង្ហាញថា ផ្លែស្វាយគឺមានផ្ទុកវីតាមីនC និងE ច្រើន ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយទប់ស្កាត់សក់ឆាប់ជ្រុះនិងស្បែកឆាប់ជ្រាវជ្រួញ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ ថែមជួយទប់ស្កាត់ការដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យថ្លើមមានសុខភាពល្អ។

ចំណែកសារធាតុរ៉ែមាននៅក្នុងផ្លែស្វាយវិញ គឺមានដូចជាប៉ូតាស្យូម និងម៉ាញេស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាមឱ្យមានលំនឹង និងធ្វើឱ្យបេះដូងមានសុខភាពល្អ។ លើសពីនេះ ផ្លែស្វាយ ក៏ផ្ទុកវីតាមីនB ដែរ។

ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ការបរិភោគផ្លែស្វាយប្រចាំថ្ងៃគឺផ្ដល់ប្រយោជន៍ដល់សុខភាព និងគ្មានប្រឈមទៅនឹងហានិភ័យអ្វីឡើយ៕