ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ព្យាករណ៍ថា ក្នុងរយៈពេល​១១ឆ្នាំខាងមុខ រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជា​ណាចក្រកម្ពុជា នឹងមាន​​កំណើនប្រជាពលរដ្ឋរហូតដល់២.៤៥០.៧០០នាក់ នៅឆ្នាំ២០៣០​ខាងមុខ។ ការប៉ាន់ស្មានរបស់រដ្ឋាភិបាលនេះ នៅក្នុងសារលិខិតនា​ឱកាសទិវាប្រជាជនពិភព​​លោក​​លើកទី៣០ នាថ្ងៃទី១០ ខេកក្កដា ឆ្នាំ២០១៩នេះ។ 

ក្នុងសារលិខិតសម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនេះ ទាម​​ទារ​ឱ្យមានការរៀបចំផែនការទីក្រុងច្បាស់លាស់ ដើម្បីបញ្ចៀសកំណើននគរូប​នីយ​​កម្មដោយចៃដន្យ។ លោកនាយករដ្ឋមន្រ្តីបន្ថែមថា ការកើនឡើងកំណើនប្រជា​ពលរដ្ឋនៅ​​រាជធានីភ្នំពេញនេះ គឺដោយសារតែ​ទេសន្តប្រវេសន៍​ពីតំបន់ជនបទ​មករាជ​ធានីភ្នំពេញ​មានការកើនឡើងទ្វេដង​ក្នុង​រយៈ​ពេល១០ឆ្នាំកន្លងទៅនេះ គឺកើនពី​៥៧ម៉ឺន​​នាក់ ក្នុងឆ្នាំ១៩៩៨ ដល់ជាង១.៦លាននាក់ ក្នុងឆ្នាំ២០១៣។

ដោយឡែកពាក់ព័ន្ធនឹងកំណើនប្រជាជន និងសុខភាពបន្តពូជក្នុងក្របខ័ណ្ឌ ទូទាំងប្រ​ទេស​វិញ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ចំនួនប្រជាជនកម្ពុជាមាន​ការ​កើនឡើងចំនួន១១លាននាក់ ក្នុងឆ្នាំ១៩៩៨ ដល់ជិត១៦លាននាក់ ក្នុងឆ្នាំ២០១៧ ដែល​កំពុងមានបម្រែបម្រួលប្រជាសាស្រ្តមួយល្អប្រសើរដល់ការអភិវឌ្ឍ៕