ប្រមុខអង្គការសុខភាពពិភពលោកWHOបាននិយាយនៅថ្ងៃចន្ទេះថា ពិភពលោកកំពុង​ឈានទៅរកភាពបរាជ័យខាងសីលធម៌ដ៏ធំធេង ក្នុងការចែករំលែកវ៉ាក់សាំង​កូវីដ​១៩ និង​បានទទូចឱ្យប្រទេសអ្នកមាននិងក្រុមហ៊ុនផលិតវ៉ាក់សាំង គួរចែករំលែកវ៉ាក់សាំងនៅទូទាំងពិភពលោកឱ្យបានស្មើភាពគ្នា។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងថា ការរំពឹងទុកសម្រាប់ការចែកចាយប្រកបដោយសមធម៌ កំពុងមានហានិភ័យធ្ងន់ធ្ងរ ខណៈគម្រោងចែកចាយវ៉ាក់សាំងសកលរបស់អង្គការសុខភាពពិភពលោកហៅកាត់ថា COVAX មានគោលបំណងចាប់ផ្តើមចែកចាយវ៉ាក់សាំងកូវីដដល់ប្រទេសក្រីក្រនៅខែកុម្ភៈក្រោយនេះ។

លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងទ្វេភាគីចំនួន៤៤រវាងប្រទេសអ្នកមាននិងក្រុមហ៊ុនផលិត ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន ហើយយ៉ាងហោចណាស់កិច្ចព្រមព្រៀងចំនួន​១២ទៀត ត្រូវបានចុះហត្ថលេខារួចហើយនៅឆ្នាំនេះ។ លោកបាននិយាយថា៖«នេះអាចពន្យារ​ពេលការចែកចាយវ៉ាក់សាំងCovax ហើយជាតិនិយមបែបនេះ បានធ្វើឱ្យប្រទេសងាយរងគ្រោះបំផុតនិងក្រីក្រីរបស់ពិភពលោកស្ថិតក្នុងហានិភ័យ។



លោកបានបន្ថែមថា៖«ទីបំផុតសកម្មភាពទាំងនេះនឹងអូសបន្លាយការរាតត្បាតនេះបន្តទៀតតែប៉ុណ្ណោះ»។ លោកបានជំរុញឱ្យប្រទេសនានាចៀសវាងធ្វើឱ្យមានកំហុសម្ដងទៀត ដូចជាអំឡុងផ្ទុះជំងឺផ្តាសាយបក្សី H1N1 និងជំងឺអេដស៍។

លោក Tedros បាននិយាយថា មានវ៉ាក់សាំងកូវីដជាង៣៩លានដូសហើយ ត្រូវបានគេ​យក​ទៅចាក់ឱ្យពលរដ្ឋនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចំនួន៤៩ប្រទេស ហើយមានតែ២៥ដូសប៉ុណ្ណោះ ដែលត្រូវបានផ្តល់ទៅឱ្យសម្រាប់ប្រទេសក្រីក្រមួយ៕