លោកស្រី Suwanna Gauntlett នាយិកាអង្គការសម្ព័ន្ទមិត្តសត្វព្រៃ Wildlife Alliance បានលើកឡើងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០មិថុនាថា កាលពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ រណាយន្តចំនួន២ពាន់៣រយគ្រឿង ត្រូវបានរឹបអូសពីជនល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារព្រៃឈើភ្នំក្រវាញខាងត្បូង។

លោកស្រីបន្តថា រណាយន្តនេះមួយគ្រឿង គឺអាចកាត់បន្ថយព្រៃឈើប្រហែលអស់១ហិកតា។ «ពួកយើងបានប៉ាន់ប្រមាណថា រណាយន្តនេះនីមួយគឺទទួលខុសត្រូវចំពោះការបំផ្លាញព្រៃឈើអស់មួយហិកតា។ ក្រុមមន្រ្តីល្បាតបានចំណាយច្រើនដើម្បីខិតខំចាប់អ្នកកាប់ឈើខុសច្បាប់ និងរឹបអូសរណាយន្តនេះពីពួកគេ»។ នេះជាការបញ្ជាក់របស់លោក ស្រី Suwanna Gauntlett ។

សូមបញ្ជាក់ថា រដ្ឋា​ភិបាល​បានសម្រេច​បង្កើ​ត​តំបន់​ជួរ​ភ្នំក្រវាញ​ខាង​ត្បួ​ង ជា​តំបន់​ឧទ្យាន​ជាតិ​លើ​ផ្ទៃដី​សរុប​ចំនួន ៤១០ ៣៩២ ហិកតា ដែលមាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ពោធិ៍​សាត់ កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​ក្រសួងបរិស្ថាន សហការ​ជាមួ​យ ​ស្ថា​ប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ខេត្ត​ទាំង ៤ នេះ គាំពារ​បរិស្ថាន អភិរក្ស​ជីវចម្រុះដើម្បី​ប្រើប្រា​ស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរ​ភាព។ បើតាម​លោកប៉ាន់ មរកត តំបន់​ជួរ​ភ្នំក្រវាញ​ខា​ង​​ត្បូង​ ដែល​កើតមាន​បទល្មើស​ច្រើន​ជាង​គេ​ គឺ​នៅ​ក្នុង​ខេត្ត​កោះកុង។

បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ការចុះល្បាតការពារព្រៃឈើភ្នំក្រវាញខាងត្បូង គឺកិច្ចសហការគ្នារវាងមន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថាននិងបុគ្គលិករបស់អង្គការ ហើយរណាយន្តដែលរឹងអូសបានទាំងនេះ កំពុងរក្សាទុកនៅតាមស្នាក់ការ​កម្មវិធី​ការពារ​ព្រៃ​​​ឈើ​​​តំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូងទាំង៤ខែ៕​