ភ្នំពេញ ៖ ប្រទេសស្វីស ប្រកាសថា នឹងបន្តផ្តល់ថវិកា ១២លានដុល្លារអាមេរិក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ឋា ក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១​ខាងមុខ។

ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស្វ៊ីសប្រចាំកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស បានបន្ដ​គាំទ្រ​ថវិកាប្រមាណ១២លានដុល្លារអាមេរិក ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ខាងមុខ​ ដើម្បីជួយទ្រទ្រង់​ដល់ការព្យាបាលកុមារនៅកម្ពុជា។ បើតាមការបញ្ជាក់របស់ ឯកឧត្តម កុយ គួង អនុរដ្ឋលេ​ខាធិការ និងជាអ្នកនាំពាក្យក្រសួងការ​បរទេស ក្រោយជំនួបទ្វេភាគីរវាងឯក​ឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ជាមួយលោកជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេស​ស្វ៊ីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុង​បាង​កក ប្រទេសថៃ កាលពីថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការបរទេស។

លោកជំទាវ Helene បានគូសបញ្ជាក់ថា ក្រៅពីកិច្ចទំនាក់ទំនងការទូត និង​កិច្ចសហប្រ​តិបត្តិការយ៉ាងជិតស្និតលើវិស័យជាច្រើនជាមួយកម្ពុជា រដ្ឋាភិបាលស្វ៊ីស បានជួយ​ឧបត្ថម្ភគាំទ្រក្នុងវិស័យសុខាភិបាល ដោយផ្តោតទៅលើមន្ទីរពេទ្យគន្ធបុប្ផា ដែលគិត​ចាប់​តាំង​ពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសស្វ៊ីស បានគាំទ្រដល់​មន្ទីរពេទ្យ​គន្ធបុប្ផា គិតជាថវិកាប្រមាណជា៦០លានដុល្លារអាមេរិក។

លោកជំទាវបានបន្ដថា រដ្ឋាភិ​បាលស្វ៊ីសបានផ្ដោតសំខាន់ទៅលើវិស័យសុខាភិបាល​ដែលជួយទៅលើសុខភាពកុមារ សុវត្ថិ​ភាព​ស្បៀង និងវិស័យកសិកម្ម។ ចំពោះវិស័យ​សុខា​ភិបាលនៅកម្ពុជា ស្វ៊ីសនៅតែបន្តគាំទ្រ​ដល់ថវិកាប្រចាំឆ្នាំចំនួន៤លានហ្វ្រង់ស្វីស គឺស្មើនឹង៤​លាន​ដុល្លារអាមេរិក ក្នុង១ឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផា បើទោះបីជា​បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគ្រប់គ្រងដោយវេជ្ជបណ្ឌិត ជនជាតិខ្មែរក៏​ដោយ។

ជាឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់​រដ្ឋាភិ​បាលស្វ៊ីស ​ដែលបានផ្តល់ជំនួយដល់វិស័យបោសសម្អាតមីន និងជំនួយអភិវឌ្ឍន៍​ជាច្រើនទៀត​ដល់​កម្ពុជា ព្រមទាំងបានបន្ត និងជំរុញបង្កើនទំហំពាណិជកម្ម នៃប្រទេស​ទាំងពីរឱ្យកាន់តែល្អ​ប្រសើរ នៅក្នុងឆ្នាំ២០២០នេះ៕