ការសិក្សាថ្មីមួយរកឃើញថា នៅត្រឹមឆ្នាំ២០៤០ខាងមុន ប្រជាជនក្នុងប្រទេស​អេស្បាញ់​នឹង​មានអាយុរស់នៅបានវែងជាងគេនៅក្នុងពិភពលោក  ស្របពេលអត្រារស់នៅមាន​អាយុវែងរបស់ប្រជាជនសហរដ្ឋអាមេរិក បន្តធ្លាក់យ៉ាងខ្លាំងនៅក្នុងតារាង។

ការសិក្សាបញ្ជាក់ថា ក្នុងឆ្នាំ២០៤០ ចំណាត់ថ្នាក់លេខ១សម្រាប់ប្រជាជនដែល​រស់​នៅ​បាន​អាយុវែងជាងគេ គឺបានទៅលើប្រជាជនអេស្បាញ់ ដែលគិតជាមធ្យម នឹងអាច​រស់​នៅ​ដល់អាយុ៨៥.៨ឆ្នាំ លេខ២បានទៅលើប្រជាជនជប៉ុនមានអាយុត្រឹម៨៥.៧ឆ្នាំ លេខ​​​៣បានទៅលើប្រជានសឹង្ហបុរីមានអាយុត្រឹម ៨៥.៤ឆ្នាំ លេខ៤បានទៅលើប្រជាជនស្វីស​មាន​អាយុត្រឹមអាយុ៨៥.២ឆ្នាំ រីឯសហរដ្ឋអាមេរិកវិញ នឹងធ្លាក់ពីចំណាត់ថ្នាក់៤៣ ទៅ​ដល់៦៤ ដែលគេវាយតម្លៃអំពីអាយុអាចរស់នៅត្រឹម៧៩.៨ឆ្នាំប៉ុណ្ណោះ។

មជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ស្ថិតិសុខភាពបានបង្ហាញថា ចាប់ពីឆ្នា១៩៦២  ប្រជាជន​អាមេរិកបានចាប់ផ្ដើមកាន់តែមានអាយុខ្លីឡើង ជាក់ស្ដែងដូចកាលពី​ឆ្នាំ​២០១៦កន្លងទៅនេះ អ្នកស្លាប់ដោយសារពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺ​កើន​ដល់ចំនួន៦៣,៦០០នាក់។ បន្ថែមពីនេះ ជំងឺធាត់ជ្រុលរបស់យុវជន គឺជាមានអាត្រា​ខ្ពស់​បំផុត​នៅសហរដ្ឋអាមេរិក ដែលគេវាយតម្លៃថា ក្នុងចំណោមយុវជន១០នាក់ គឺមាន​៤​នាក់ កើតមានជំងឺធាត់នេះ ហើយក្មេងដែលមានអាយុ២ទៅ៥ឆ្នាំ គឺមាន១៨.៥% ក៏បាន​កើត​ជំងឺប្រភេទនេះដែរ។

ដោយឡែក សម្រាប់ការរំពឹងទុកថា ប្រជាជនអេស្បាញ់ នឹងមានអាយុរស់នៅបាន​វែង​ជាង​គេ គឺបន្ទាប់ពីប្រទេសនេះ ត្រូវអង្គការសុខភាពពិភពលោកចាត់ទុកថា គឺជាប្រទេស​មួយ​ក្នុងចំណោមប្រទេសអឺរ៉ុបទាំង៧ ដែលមានវិស័យសុខាភិបាលល្អ​ផ្ដាច់គេក្នុង​លោក​។​

លទ្ធផលវាយតម្លៃនេះ គឺយោងតាមការសិក្សាអំពីផលប៉ះពាល់បណ្ដាល​មកពី​ជំងឺ​ផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺមហារីក រួមទាំងការតមអាហារ​ជ្រុលពេក និងអត្រានៃការជក់បារី។ ការសិក្សាក៏បង្ហាញថា មូលហេតុចម្បង​​ៗ ​ដែល​នាំឱ្យមនុស្សឆាប់ស្លាប់មុនអាយុ គឺបណ្ដាលមកពីជំងឺសម្ពាធឈាមឡើងខ្ពស់ ជំងឺធាត់ជ្រុល ជំងឺស្ករក្នុងឈាម និងការជក់បារីនិងផឹកគ្រឿងស្រវឹង។

ចំណែកប្រទេសអាហ្វ្រិកទាំង១៨ នៅតែត្រូវបានគេផ្ដល់ចំណាត់ថ្នាក់ក្នុងបាតតារាង ស្របពេលប្រជាជនក្នុងប្រទេសទាំងនេះ គិតជាមធ្យម នឹងមានអាយុរស់នៅបានត្រឹម៦ ទៅដល់ ១០ឆ្នាំប៉ុណ្ណោះ ដោយសារជាប្រទេសំបូរជម្លោះប្រដាប់អាវុធ។ សម្រាប់ប្រទេសស៊ីរីវិញ បានឡើងចំនួនចំណាត់ថ្នាក់ច្រើនជាងគេក្នុងពិភពលោក គឺពីចំណាត់ថ្នាក់លេខ១៣៧ ឡើងដល់លេខ៨០ ហើយការកើននេះឡើងត្រូវគេដឹងថា ដោយសារសង្គ្រាមស៊ីវិលសម្លាប់រង្គាល់ បានដល់ទីបញ្ចប់៕

ប្រភព៖ CNN