សៀមរាប៖ ដោ​យ​សារ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​បាន​ធ្វើ​ឱ្យ​ទឹក​នៅ​តាម​ត្រពាំង​បឹង​បួរតូច​បាន​រី​ង​ហួត​ទឹក​អស់​​ ហើយ​ឥឡូវ​នេះ​អណ្តូងទឹកដែល​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ​មួយចំនួននៅ​ក្នុង​បណ្តាស្រុក​-ក្រុងចំនួន៦​ រួមមាន៖ ក្រុងសៀមរាប ស្រុក ជីក្រែង ស្រុកសូទ្រនិគម ស្រុកវ៉ារិន ស្រុកពួក និងស្រុកក្រឡាញ់ បាន​កំពុងរីងទឹក​​ បូមដោយ​ម៉ូទ័រ ក៏មិនចេញ ដែល​ជា​បញ្ហាធ្វើ​ឱ្យ​ប្រជាពលរដ្ឋទាំង​នោះកង្វះទឹក​ប្រើប្រាស់។ នេះបើតាមការអោយដឹងពីលោក លោក លី​ សំរិទ្ធ​ អភិបាល​រង​ខេត្ត​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋ​បាល​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃទី​០២ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​។

លោក ងិ សុគា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិគោគចាន់ ឃុំល្វាក្រាំង បានលើក ឡើងថា  ដោយសារតែការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ រូបលោក ក៏ដូចជាអ្នកភូមិ បានទៅដឹកទឹកពី កន្លែងឆ្ងាយៗ ហើយត្រូវប្រឹងយួរប៊ីដុងដាក់ទឹកចំណុះ ៣០លីត្រពី​ក្នុងស្រះឡើងមកមាត់ស្រះ។

ចំណែកអ្នកភូមិដទៃទៀតក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានអះអាង​ប្រហាក់​ប្រហែលគ្នាដែរថា កង្វះទឹកស្អាតនៅរដូវប្រាំងនេះ បានធ្វើឱ្យពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រ ជួបប្រទះបញ្ហាលំបាកក្នុងការរស់នៅប្រចាំថ្ងៃជាខ្លាំង។

ប្រជាពល រដ្ឋបានអះអាងថា ក្នុងស្រុកភូមិពួកគាត់ ជាកន្លែងដែលខ្វះប្រភពទឹកក្រោមដី បើទោះជាពួកគាត់ចង់បុកអណ្តូងស្នប់ក៏ពុំមានលទ្ធភាពដែរ ព្រោះការជីកអណ្តូង​ស្នប់មួយត្រូវចំណាយមិនក្រោម១០០០ដុល្លារនោះទេ។ ដូច្នេះប្រជាពលរដ្ឋ​សំណូមពរដល់អាជ្ញាធរ ឬសប្បុរសជន ជួយជីកអណ្តូង ជម្រៅជ្រៅដើម្បីឱ្យ ពួកគាត់មានទឹកប្រើប្រាស់សម្រាប់ឆ្នាំក្រោយទៀត៕

ប្រភព៖ AKP