លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០១៨ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារមានប្រមាណជា ១,៩លានក្បាល និងជាលក្ខណៈឧស្សហកម្មប្រមាណជា ៨ សែនក្បាល ហើយកសិដ្ឋានគ្រប់កម្រិតជាង ៦៧០កសិដ្ឋាននៅទូទាំងប្រទេស។

នៅក្នុងសិក្ខាសាលាស្តីពី “វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា” នៅថ្ងៃទី ២៦ ខែមីនា នៅទីស្តីការក្រសួងកសិកម្ម លោក លី ឡាវីល បន្តថា បច្ចុប្បន្ន ការកែប្រែទម្លាប់ពីការចិញ្ចឹមជាលក្ខណៈគ្រួសារមកជាលក្ខណៈឧស្សាហកម្មបាននិងកំពុងរីកដុះដាលយ៉ាងលឿក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ ស្របពេលដែល កំណើនប្រជាជន និងកំណើនភ្ញៀវទេសចរណ៍។ លោកថា សេចក្តីត្រូវការសាច់ ដែលតម្រូវឲ្យអ្នកចិញ្ចឹមជ្រូកយកចិត្តទុកដាក់គិតគូប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ សមស្របដើម្បីផលិតសាច់មានអនាម័យ និងគុណភាពឆ្លើយតបតាមតម្រូវការទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងជាពិសេសធានាសុខុមាលភាពសាធារណៈ។