លោក ហ៊ុន ម៉ាណែត ទៅសួរសុខទុក្ខសម្តេច ហ៊ុន សែន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបូរី កាលពីឆ្នាំ ២០១៧ កន្លងទៅ

សម្ដេច ហ៊ុន សែន បានជួបតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ។ ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនអន្តរជាតិ បានប្រាប់សម្តេចថា ពួកគេមានបណងចង់កសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។

តំណាងក្រុមហ៊ុន បានគូសបញ្ជាក់ថា ពួកគេបានរៀបចំគម្រោងរួចហើយទាក់ទងនឹងវិស័យសុខាភិបាល ដោយគម្រោងវិនិយោគនេះ មានប្រមាណ ៤០លានដុល្លារ។ លើសពីនេះទៅទៀត ក្រុមអ្នកវិនិយោគ ក៏មានបំណងចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលនេះ។

សម្តេចជួបតំណាងអ្នកវិនិយោគអន្តរជាតិកាលពីថ្ងៃទី ៤ ខែកក្កដា

សម្ដេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានអរគុណក្រុមហ៊ុន ដែលបានចាប់អារម្មណ៍ចង់ទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសលើវិស័យសុខាភិបាលនេះ។«កន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសសិង្ហបុរីជាដើម។ ប្រសិនបើមានអ្នកវិនិយោគទៅដាក់ទុនលើវិស័យសុខាភិបាលនៅឯប្រទេសកម្ពុជានោះ វាជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ»។ នេះជាការបញ្ជាក់របស់សម្តេច នៅចំពោះមុខអ្នកវិនិយោគទាំងនោះ។

ប្រសិនបើគម្រោងនេះ ក្លាយជាការពិត មន្រ្តី អ្នកមានអំណាច អ្នកមានលុយនៅស្រុកខ្មែរ​ទំនងជាអាចមានទំនុកចិត្តលើមន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា ហើយពួកគេ អាចនឹងលែងចេញទៅព្យាបាលនៅក្រៅប្រទេស។ ពីព្រោះថា ការទៅព្យាបាលនៅក្រៅប្រទេសរបស់អស់លោក​មន្រ្តីទាំងនោះ ដោយសារតែពួកគេមិនទុកចិត្តលើគ្រូពេទ្យខ្មែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៦ ខែកក្កដា សម្តេច ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា ទៅព្យាបាលជំងឺនៅក្នុងប្រទេសសិង្ហបុរី។ សម្តេច បានសរសេរយ៉ាងនេះនៅលើ​បណ្តាញសង្កមហ្វេសប៊ុកផ្ទាល់ខ្លួនថ៖« ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ
និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំទៅឱ្យគ្រូពេទ្យសិង្ហបូរីពិនិត្យនិងព្យាបាល»។ ដំណើរទៅព្យាបាលជំងឺរបស់សម្តេចហ៊ុនសែន នៅសិង្ហបូរី បានក្លាយជាប្រធានបទជជែកគ្នាយ៉ាង​ផុសផុលតាំងពីថ្ងៃម្សិលមិញ