សមាគមទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីបានជំរាបរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈកម្ពុជាថាប្រទេសម៉ាឡេស៊ីបានចាប់ផ្តើម កែលម្អលក្ខខណ្ឌ និងនីតិវិធីក្នុងការជ្រើសរើសពលករបរទេសទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមលទ្ធផលជំនួបកាលពីថ្ងៃម្សិលមិញ។

លោក ហ៊ូ វុឌ្ឍី​ អនុរដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា លក្ខខណ្ឌការងារដែល​ភាគីម៉ាឡេស៊ីផ្លាស់ប្តូរថ្មី រួមមាននីតិវិធីក្នុងការជ្រើស​រើសពលករ និងការដំឡើងប្រាក់ឈ្នួល ខ្ពស់​ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេស​ពលករកម្ពុជា ឱ្យទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីឱ្យកាន់តែច្រើនថែមទៀត។

លោកបន្តថា នីតិវិធីក្នុងការជ្រើសរើសពលករ ថ្មីនេះគឺពលករមិនចាំបាច់ចំណាយពេលវេលាយូរ​ដូចមុនទេ ពោលគឺឱ្យតែភាគីម៉ាឡេស៊ី ត្រូវ ការពលករ គឺអាចបញ្ជូនទៅធ្វើការបាន ខណៈកាល​ពីមុនពលករត្រូវមានកិច្ចសន្យាការងារ និងបំពេញបែបបទផ្សេងៗទៀត ទើបអាចបញ្ជូនទៅ​បានត្រូវប្រើពេលយូរ។

អ្វីកាន់តែពិសេសនោះ លោកបានឲ្យដឹងទៀតថា ម៉ាឡេស៊ីបានដំឡើងប្រាក់ឈ្នួលដល់ ពលករបរទេសដែលទៅធ្វើការនៅ ម៉ាឡេស៊ីប្រមាណជាង៣០០ដុល្លារក្នុង១ខែ ដើម្បីឱ្យពលករទទួលបាននូវប្រាក់ចំណូលខ្ពស់ ជាងមុនក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្ញើត្រឡប់ មកស្រុកកំណើតផងដែរ។

សូមបញ្ជាក់ថាកម្ពុជា បានសម្រេចផ្អាកបញ្ជូនពលរករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីជាច្រើនឆ្នាំមកហើយ ដោយសារតែស្ថានភាពបំពេញការងាររបស់ពលករខ្មែរនៅទីនោះមិនសូវសមប្រកប ពោលគឺពលករ ពិសេសពលករជានារីបំរើការងារតាមផ្ទះ តែងតែរងការធ្វើទុក្ខបុកម្នេញលើរាងកាយ រំលោភផ្លូវភេទ និងការរំលោពសិទ្ធិសេរីភាព។

ក្រោយកម្ពុជាចេញវិធានការផ្អាក ភាគីទាំងពីរ ក៏បានចាប់ផ្ដើមការពិភាក្សាគ្នាឡើងវិញ ដើម្បីរិះរកមធ្យោបាយកែលម្អរឡើងវិញនូវលក្ខខណ្ឌការ និងសម្រួលឡើងវិញនូវនិធីវិធីបញ្ជូន ទទួល និងការពារសិទ្ធិដល់ពលករខ្មែរ រហូតឈានដល់ការសម្រេចថានឹងចាប់ផ្ដើមការងារនេះឡើងវិញនៅដើមឆ្នាំ២០១៩ខាងមុខ៕