បុរសម្នាក់ឈ្មោះ សាយ សារុត អ្នកប្រមូលសំរាមនៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង បានចេញមុខសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសរបស់ខ្លួន ក្រោយពីបានបោះសំរាមជាច្រើនថង់ធំៗ ចូលទៅក្នុងព្រែកកោះយ៉ កាលពីថ្ងសទី១២ ខែ តុលា កន្លងទៅនេះ។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានចុះផ្សាយថា បុរសនេះបានសារភាពនៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថានខេត្តនិងអាជ្ញាធរស្រុកថា មូលហេតុដែលរូបគេបោះសំរាមចូលព្រែកនេះ ដោយសារតែម៉ូតូដឹកសំរាមខូចនិងមិនអាចអូសសំរាមទៅមុខទៀតរួច ដូច្នេះហើយទើបសម្រេចបោះចោលចូលទៅក្នុងព្រែកខ្លះ។ បុរសដដែលនេះ សន្យាថា នឹងមិនធ្វើអំពើដ៏ខុសឆ្គងនេះម្ដងទៀតទេ៕