រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលអនុក្រឹត្យ បង្កើនប្រសិទ្ធភាពសម្រាប់ការ​ធ្វើចត្តាឡីស័ក។ អនុក្រឹត្យនេះ បានសម្រេចបង្កើនកម្រិតការផាកពិន័យធ្ងន់ធ្ងរជាងមុន សម្រាប់ជនគេចវេះ និងជនឃុបខិតក្នុងការគេចវេះពីការធ្វើចត្តាឡីស័ក។

មាត្រា៨ បានចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក។

មាត្រា៩ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះ​បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

មាត្រា១០ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដោយមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅ វិភាគរកមេរោគកូវីដ-១៩។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ករួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាលយកសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។មាត្រា១១ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីកន្លែងធ្វើចត្តាឡីស័ក។

មាត្រា១២ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១០លាន ទៅ៥០លាន ចំពោះគ្រឹះ​ស្ថានសុខា​ភិបាលឯកជនទាំងអស់ ដែលជួយលាក់បាំង និងមិនបានធ្វើការ​ជូនដំណឹង​បន្ទាន់ទៅក្រសួងសុខាភិបាល ក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុង​ទទួលសេវា​ព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួន មានតម្រុយបញ្ជាក់ថា ជាអ្នកជំងឺដែល​គេចវេះ​ពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីការធ្វើចត្តាឡីស័ក។

មាត្រា១៣ បានចែងថា ប្រាក់ពិន័យនឹងបង្កើនទ្វេដងករណីបទល្មើស នៅតែបន្តប្រព្រឹត្តិម្តងទៀត។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានថ្លែងនៅក្នុងសន្និសីទ​ព័ត៌មានស្តីពី ការកែសម្រួលអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល កាលពី​ថ្ងៃសុក្រម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជា កែសម្រួលការដំឡើង​ប្រាក់ពិន័យនេះ គឺជាវិធានការទប់ស្កាត់ការប្រព្រឹត្ដបទល្មើស កុំឱ្យមានការគេចវេះ គេចចេញ ឬឃុបខិតគ្នារាលរាំងវិធានការសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីក​រាល​ដាលនៃជំងឺ១៩៕