ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសបិទប្រទេសលើក​ទី​២​ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលខ្លាំងឡើងវិញនៃជំងឺរាតត្បាតកូវីដ១៩ ហើយការបិទប្រទេស​ជាថ្មីនេះ នឹងចាប់ផ្ដើមពីថ្ងៃសុក្រសប្ដាហ៍រហូតដល់ចុងខែវិច្ឆិកា។

លោក ម៉ាក្រុង បាននិយាយថា ក្រោមវិធានការបិទប្រទេសជាថ្មីនេះ គឺចាប់ពីថ្ងៃសុក្រប្រជា​ជននឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះ តែក្នុងលក្ខខណ្ឌមានការងារចាំបាច់ឬត្រូវទទួលសេវាព្យាបាលសុខាភិបាលប៉ុណ្ណោះ។ អាជីវកម្មដែលមិនសូវសំខាន់ ដូចជាភោជ​នី​យ​ដ្ឋាន និងបារ នឹងត្រូវបិទប៉ុន្តែសាលារៀននិងរោងចក្រនឹងនៅតែបើកដំណើរការដដែល​។

ការស្លាប់ប្រចាំថ្ងៃដោយសារជំងឺឆ្លងកូវីដ១៩នៅប្រទេសបារាំង មានអត្រាខ្ពស់បំផុតចាប់តាំងពីខែមេសា។ កាលពីថ្ងៃអង្គារ៍សប្ដាហ៍នេះបារាំងមានករណីឆ្លងថ្មីរហូតដល់ ៣៣ ០០០ នាក់។ ប្រទេសនេះមានអ្នកឆ្លងសុរបជាង១លាន២សែននាក់ និងស្លាប់សរុបជាង​៣​ម៉ឺន​៥​ពាន់នាក់។



លោក ម៉ាក្រុង បាននិយាយថា ប្រទេសនេះប្រថុយនឹងការគ្របដណ្ដប់ដោយការឆ្លង​រលក​ទី២ ដែលប្រាកដជាពិបាកជាងការឆ្លងក្នុងរលកលើកទី១ទៅទៀត។

លោកស្រីអធិការបតីអាល្លឺម៉ង Angela Merkel ក៏បាននិយាយកាលពីថ្ងៃពុធថា ប្រទេស​អាឡឺម៉ង់នឹងដាក់ចេញនូវការបិទប្រទេសបន្ទាន់មួយ ដើម្បីបិទភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងរោងកុនជាដើម៕