សារព័ត៌មានCNN បានចុះផ្សាយនៅថ្ងៃទី២១ខែឧសភានេះ ដោយដកស្រង់ការបោះពុម្ភផ្សាយរបស់ Journal Heartអំពីការសិក្សាស្រាវជ្រាវមួយថា ការបរិភោគស៊ុតមួយគ្រាប់ជារៀងរាល់ថ្ងៃ នឹងជួយកាត់បន្ថយការប្រឈមហានិភ័យស្លាប់១៨% ដោយសារជំងឺដាច់សរសៃឈាមបេះដូង បើប្រៀបធៀបទៅនឹងអ្នកដែលគ្មានទម្លាប់បរិភោគស៊ុតជាប្រចាំថ្ងៃ។

ការប្រឈមហានិភ័យកើតមានការដាច់សរសៃឈាមបេះដូង ឬការគាំងបេះដូងជាដើម ជាទូទៅ គឺក្រុមមនុស្សដែលមានជំងឺឡើងសម្ពាធឈាមខ្ពស់ អ្នកធាត់លើសទម្ងន់ អ្នកមានជាតិស្ករក្នុងឈាម ដែលបណ្ដាលមកពីការបរិភោគអាហារច្រើនហួស មិនដែលធ្វើលំហាត់ប្រាណឬពលកម្ម អ្នកជក់បារី និងអ្នកប្រើប្រាស់គ្រឿងស្រវឹង។

លោក Chanqing Yu អ្នកដឹកនាំការសិក្សាស្រាវជ្រាវមួយរូបមកពីសាកលវិទ្យាល័យសុខភាពសាធារណៈនៅក្នុងទីក្រុងប៉េកាំង បានអះអាងអំពីមូលហេតុនៃការបរិភោគស៊ុតអាចជួយការពារការដាច់សរសៃឈាមបេះដូងនេះថា គឺបន្ទាប់ពីមានការសិក្សាតាមដានអស់រយៈពេលជិត៩ឆ្នាំមួយទៅលើមនុស្សជាង៤សែននាក់នៅក្នុងទីក្រុងប៉េកាំងដែលមិនធ្លាប់មានជំងឺមហារីកនិងជំងឺបេះដូង ហើយក្នុងចំណោមមនុស្សទាំងនេះ១៣%ដែលមានអាយុចាប់ពី៣០ ដល់ជាង៧០ឆ្នាំបានឆ្លើយថា ពួកគេតែងបរិភោគពងមាន់ជារៀងរាល់ថ្ងៃ ខណៈ៩%ទៀត បានឆ្លើយថា មិនមានទម្លាប់ឬកម្របរិភោគស៊ុតជាប្រចាំថ្ងៃ។

លោកបន្តថា អំឡុងពេលតាមដាន មានអ្នកចូលរួមក្នុងការសិក្សា៩,៩៨៥នាក់ស្លាប់ដោយដាច់សរសៃឈាមបេះដូង ៥១០៣ នាក់ដែលសរសៃឈាមមិនអាចផ្គត់ផ្គង់ឈាមទៅកាន់សាច់ដុំបេះដូងគ្រប់គ្រាន់ និង៨៤០០០នាក់ផ្សេង កើតមានជំងឺបេះដូង ហើយបើតាមការវិភាគទៅលើទិន្នន័យនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការបរិភោគស៊ុតមួយគ្រាប់ប្រចាំថ្ងៃ គឺជាប់ពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យគ្រោះថ្នាក់ឬកើតជំងឺបេះដូង បើប្រៀបធៀបទៅអ្នកមិនបរិភោគ៕