(ភ្នំពេញ)៖ រាល់ពិធីបុណ្យអុំទូកម្តងៗ តែងតែមានការជាប់គាំងកកស្ទះចរាចរណ៍​ជៀស​មិនផុតឡើយ។ ដើម្បីរំដោះការកកស្ទះនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់ម្ចាស់អាជីវករដឹកទំនិញ ដែលប្រើប្រាស់រថយន្ដធំៗ កុំធ្វើដំណើរចូលក្នុង​ក្រុងភ្នំពេញ ចំណែកអ្នកដែលមកកម្សាន្ដ សូមកុំជិះរថយន្ដចូលទៅបរិវេណ​ទីតាំង​ប្រារព្ធពិធី​បុណ្យអុំទូក។ ការស្នើរបស់អភិបាលក្រុងភ្នំពេញនេះ ធ្វើឡើង​ខណៈដែល​លោក ឃួង ស្រេង ចុះត្រួតពិនិត្យការរៀបចំប្រទីបរបស់សាលាក្រុងភ្នំពេញ នៅត្រើយ​ខាងកើត កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា។

សាលារាជធានីភ្នំពេញ នឹងបើកការប្រណាំងទូកសាកល្បង និងរៀបចំពិធីក្រុងពាលី តាមប្រពៃណីសាសនា ដើម្បីសុំសេចក្ដីសុខ ជូនប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃទី ១៩ វិច្ឆិកា ពោលគឺមុនប្រារព្ធពិធីបុណ្យអុំទូក។

សូមបញ្ជាក់ថា សាលាក្រុងភ្នំពេញ គ្រោងនឹងដាក់ពង្រាយកងកម្លាំងមាន​សមត្ថកិច្ច​រហូតដល់ជាង ១ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាព រក្សាសន្តិសុខ និងសណ្តាប់​ធ្នាប់ឲ្យបានល្អប្រសើរជូនពលរដ្ឋនៅក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលប្រព្រឹត្ដិទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨៕