​បន្លែ​ផ្លែឈើ​គីមី គឺជា​ក្ដីកង្វល់​របស់​មនុស្ស​នៅ​សម័យនេះ​។ នៅក្នុង​សង្គម​ខ្មែរ បញ្ហា​នេះ​គឺជា​ប្រធានបទ​ក្ដៅ ដែល​មិនទាន់មាន​ដំណោះស្រាយ​ជាក់លាក់​នៅឡើយ​ទេ​។ ស្ត្រី​មេផ្ទះ​មិន​ព្រួយ​រឿង​ធ្វើ​ម្ហូប​ជូន​គ្រួសារ​ទេ ក្ដីកង្វល់​គឺ​ទិញ​បន្លែ​ណា​គ្មាន​ជាតិគីមី ឬ​បន្លែ​ណា​មាន​ជាតិគីមី​តិចជាងគេ​។​—

​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅតាម​រោង​កាហ្វេ និង​កន្លែង​ជួបគ្នា​នានា គេ​តែង​លើកឡើងថា​អ្នក​ហូប​នឹង​រស់​មិនបាន​យូរ​ឡើយ បើ​ហូប​បន្លែ​ផ្លែឈើ​មី​គី​ដូច​សព្វថ្ងៃ​។ ប៉ុន្តែ​មិនដែល​និយាយ​ដល់​អ្នក​ដាំ​បន្លែ​ផ្លែឈើ​ដែល​ប្រើ​ថ្នាំ​គីមី​ឡើយ​។​

​នៅ​កម្ពុជា មាន​កសិករ​តិចតួច​ណាស់ ​ដែល​ប្រើ​ថ្នាំ​គីមី​តាម​បច្ចេកទេស​ត្រឹមត្រូវ​។ បើ​មាន​គឺ​មានតែ​ចំការ​ធំៗ​របស់​អ្នកជំនួញ ឬ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​កសិកម្ម​ចាប់ពី​ខ្នាត​មធ្យម​ឡើងប៉ុណ្ណោះ​។ ប៉ុន្តែ​កសិករ ​ដែល​ដាំ​ជា​លក្ខណៈ​គ្រួសារ និងដាំ​ដើម្បី​លក់ដូរវិញ ​ភាគច្រើន​មិន​យកចិត្តទុកដាក់អំ​ពី​បច្ចេកទេស​ប្រើប្រាស់​ថ្នាំគីមី​ឡើយ​។​

​បច្ចេកទេស​ប្រើ​ថ្នាំអាច​មាន​ពីរ ទី​១​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រើ ហើយ​អ្នក​ប្រើ​ត្រូវ​ប្រើ​ឲ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ដើម្បី​កុំ​ឲ្យ​បន្លែ​ផ្លែឈើ​ទាំងនោះមាន​ហា​នី​ភ័យ​ដល់​សុខភាព​អ្នកទិញយកទៅ​បរិភោគ​។ ឧទាហរណ៍ ​ក្រោយ​បាញ់ថ្នាំ​សំលាប់សត្វ​ល្អិត​ប៉ុន្មាន​ថ្ងៃ​ទើប​អាច​បេះ ឬ​កាត់​បន្លែ​លក់ ឬ​ចែកចាយ​ទៅ​ទីផ្សារ​បានជាដើម​។​

​ប៉ុន្តែ​បញ្ហា​មួយទៀត​នោះ គឺ​របៀប​ប្រើ​ថ្នាំ​គីមី​របស់​កសិករតែម្ដង​។ កសិករខ្លះ​បាញ់ថ្នាំ​គីមី​លើ​ដំណាំ​ដោយ​មិនបាន​អនុវត្ត​បច្ចេកទេស​ការពារ​សុខ​ភាពឡើយ ដួចជាមិនមាន​ម៉ាស់​ការពារ​ប្រព័ន្ធ​ដង​ដង្ហើម គ្មាន​ស្បែកជើង​កវែង មិន​ពាក់អាវ​ការពារ មិន​ពាក់មួក​មាន​របាំង​ការពារ​ភ្នែក​ជាដើម។

​កសិករ​ខ្លះ​ដាំ​បន្លែ​ផ្លែឈើនៅ​ក្បែរៗ​ផ្ទះ ឬ​នៅតាម​ភូមិតែម្ដង។ ពួកគាត់​បាន​ប្រើប្រាស់​ថ្នាំ​គីមី​ដោយ​មិន​ខ្វល់​អ្វី​ទាំងអស់​។ ជាក់ស្ដែងផ្ទះ​ខ្លះ​កំពុង​ជុំគ្នា​ហូបបាយ ស្របពេល​ផ្ទះ​ខ្លះ​កំពុង​បាញ់ថ្នាំ​ស្វាយជាដើម​។ នេះ​ជា​ឧទាហរណ៍​ជាក់ស្ដែង​។ ទៅជាទំលាប់ គឹថ្ងៃនេះ​ផ្ទះអ្នកនេះ​បាញ់ ស្អែក​ផ្អ្នកទះ​នោះ​បាញ់ បាញ់​រាល់ថ្ងៃរហូតធ្វើ​ឲ្យ​ក្នុងភូមិ​គ្របដណ្ដប់​ដោយ​ថ្នាំពុល​។​

​កសិករ​ទាំងនោះ តាម​ការកត់សំគាល់ គឺ​មិនបាន​គិតពី​ហា​នី​ភ័យ​នៅ​ថ្ងៃក្រោយឡើយ ពោលគឺ​គាត់​គិត​ត្រឹមតែ​ថា​ឲ្យ​តែ​បាញ់ថ្នាំគីមី​រួច​មិន​អី គឺ​មិន​អី​ហើយ​។ យ៉ាងច្រើន​វិលមុខ​រក​ប្រេងកូឡាមក​ហឹ​ត ឬ​ដាំទឹក​ក្ដៅ​ស្ពង់ប្រសិន​បើ​មាន​អា​ការៈមិន​ស្រួល​។ ប៉ុន្តែ​ជាការ​កត់សំគាល់​អ្នកភូមិ​ឈឺ​កាន់តែច្រើន សុខភាព​កាន់​ទ្រុធ​ទ្រោម​។​

​ងាក​មក​អ្នកទិញ​បន្លែ​ផ្លែឈើ​គីមី​វិញ ដោយសារតែ​គ្រប់គ្នា​បានដឹង បាន​យល់​ពី​ហា​នី​ភ័យ​នៃ​បន្លែ​ផ្លែឈើ​ដែល​មិន​ស្គាល់​ប្រភព​ដាំ និង​ដែល​អាច​មានប្រើ​ថ្នាំ​គីមីនោះ គឺ​អ្នកទិញ​តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​មុនពេល​បរិភោគ​បន្លែ​ផ្លែឈើ​​។ ការសំអាត​ដោយ​លាង​ទឹក​នូវ​បន្លែ​ផ្លែឈើ​មុន​បរិ​ភាគ​បាន​ក្លាយជា​ទំលាប់​រួចទៅហើយ​សម្រាប់​អ្នក​បរិភោគ​។​

​ប៉ុន្តែ​កសិករ​ជា​អ្នក​ដាំ​បន្លែ​ផ្លែឈើវិញ ​មិនទាន់​កែ​ទំលាប់​ប្រើប្រាស់ថ្នាំគីមីខុសបច្ចេកទេសរបស់ខ្លួន​នៅឡើយ​ទេ​។ បើ​អាចកែ​បាននោះ​សុខភាព​របស់​កសិករ​នឹង​ល្អប្រសើ ប៉ុន្តែ​បើ​មិន​បានទេ លុយ​ដែល​កសិករ​រកបាន​ពី​ការលក់​បន្លែ​ផ្លែឈើ​នោះ នឹង​មិនអាច​ទូទាត់​ការចំណាយ​ថ្លៃ​ព្យាបាល​ជំងឺ​នៅ​ថ្ងៃក្រោយ​បានឡើយ​។​

​ជា​ជម្រើស​ល្អ កសិករ​គួរ​ចាប់ផ្ដើម​ងាក​មក​ដាំ​បន្លែ​ផ្លែឈើ​តាម​បច្ចេកទេស​ធម្មជាតិ ជំនួស​ឲ្យ​ការប្រើប្រាស់​ថ្នាំ និង​ជីគីមី​។ ព្រោះ​បច្ចុប្បន្ន បន្លែ​ផ្លែឈើ​ដាំ​តាមបែប​ធម្មជាតិ កំពុង​ពេញ​និយម ដោយសារតែ​អ្នក​បរិភោគបាន​ងាកមក​ស្វែងរក​របស់​ធម្មជាតិ​។

បើ​ធ្វើបាន​នោះសហគមន៍​អ្នកនឹង​សុខសាន្ត សុខភាព​អ្នកនឹង​ល្អ សុខភាព​អ្នក​បរិភោគ​នឹង​ប្រើ​សើ​៕